About Me

header ads

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ «Y&W»ធ្វើកូដកម្មបិទផ្លូវចំការដូងទាមទារលក្ខខណ្ឌការងារ២ចំណុច

ភ្នំពេញ៖កំណាត់ផ្លូវលេខ២១៧ហៅផ្លូវចំការដូងបានកកស្ទះមួយសន្ទុះធំដោយសារតែកម្មករកម្មការិនីកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ «Y&W»ដែលមានទីតាំងស្ថតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងភូមិព្រែជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ ចំនួនជាង៣ពាន់នាក់។បាន ប្រមូលផ្ដុំគ្នាធ្វើកូដកម្មឈរបិទផ្លូវខាងលើទាមទារលក្ខខណ្ឌការងារពីថៅកែជាច្រើចំនួន២ចំណុច កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បង្កឲ្យមានការកកស្ទះចរាចរមួយសន្ទុះធំផងដែរទំរាំតែដោះស្រាយត្រូវរ៉ូវគ្នាវិញ។

កម្មករបាននិយាយថា កម្មករនៅក្នុងរោងចក្រនោះមានចំនួនសរុប៣៨៨៣នាក់ធ្វើការតវ៉ាដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន២ចំណុចក្នុងនោះទី១.សុំឈប់សម្រាកនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន៥ថ្ងៃ និងទី២. សុំឲ្យរោងចក្របេីកប្រាក់ខែឲ្យបានមុនថ្ងៃទី១៥គឺសុំបើកនៅត្រឹមថ្ងៃទី១០វិញ។ពួកគេទាមទារលក្ខខណ្ឌការងារទាំង២ចំណុចនេះដោយសន្តិវិធីនៅក្នុងរោងចក្រប៉ុន្តែថៅកែមិនព្រមផ្ដល់ឲ្យជាពិសេសចំណុចទី១ គឺថៅកែរោងចក្រអនុញ្ញាតឲ្យឈប់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។

កម្មករខាងលើបាននិយាយបន្តទៀតថា ការអនុញ្ញាតឲ្យឈប់សម្រាក់ត្រឹមតែ៣ថ្ងៃគឺមិនអាចទទួលយកបានទេ ព្រោះកម្មករភាគច្រើនណាស់មានផ្ទះនៅតាមបណ្ដាខេត្តឆ្ងាយៗ ហើយគ្រាន់តែទៅនិងមកគឺគ្រប់៣ថ្ងៃបាត់ទៅហើយមិនបានដើរធ្វើបុណ្យទានឡើយ។ ដូច្នេះហើយទើបពួកគេសុំធ្វើយ៉ាងណាបានឈប់សម្រាករយៈពេលចំនួន៥ថ្ងៃ ប៉ុន្តែថៅកែមិនព្រមទើបថ្ងៃនេះសម្រេចចិត្តនាំគ្នាចេញក្រៅបិទផ្លូវដើម្បីពន្លឿនការដោះស្រាយបែបនេះតែម្ដង ។



បើតាមនគរបាលខណ្ឌដង្កោបានឲ្យដឹងថា បន្ទាប់ពីមានរឿងបែបនេះគណៈបញ្ជាការឯកភាពខណ្ឌដង្កោដឹកនាំដោយលោកអភិបាលរងខណ្ឌ ជ គឹមស៊រ ចុះទៅសម្របសម្រួលជាមួយកម្មករ ហើយឲ្យតំណាងកម្មករនិងតំណាងរោងចក្រជួបដោះស្រាយគ្នាជាថ្មីទើបកម្មករបើកផ្លូវឡើងវិញ ក្រោយមកភាគីរោងចក្រឯកភាពតាមការទាមទាររបស់កម្មករ៕