About Me

header ads

គួរឲ្យសោកស្តាយ! U១៩ឆ្នាំកម្ពុជាត្រូវផ្អាកការហ្វឹកហាត់វិញក្រោយ AFC លើកការប្រកួតទៅឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ១៩

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បានធ្វើសេចក្តីថ្លែងការណ៍ទៅដល់សមាជិករបស់ខ្លួនស្តីពីការពន្យាពេលការប្រកួតជើងឯកយុវជនអាយុក្រោម១៩ឆ្នាំ ឬ AFC Under 19 Championship ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសអ៊ុយប៊ែកគីស្ថាននាខែតុលាខាងមុខនេះ។
សេចក្តីថ្លែងការណ៍មួយនេះត្រូវបានធ្វើឡើងក្រោយពេលគណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានធ្វើកិច្ចប្រជុំដ៏សំខាន់មួយតាមរយៈអនឡាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បន្ទាប់ពីទទួលបានព័ត៌មានដ៏សំខាន់មួយនេះហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនក៏បានបង្ហោះជូនដំណឹងដល់អ្នកគាំទ្របាល់ទាត់ជាតិឲ្យបានជ្រាបផងដែរពីការផ្អាកការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ។

យ៉ាងណាមិញ យុវជនអាយុក្រោម១៩ឆ្នាំរបស់យើងត្រូវបានលោក កូជិ គ្រូបង្វឹកសញ្ជាតិជប៉ុនកោះហៅហ្វឹកហាត់បានប្រមាណជាជាង១ខែមកហើយៗក៏បានឆ្លងកាត់ការធ្វើតេស្តអស់២ដំណាក់កាលមកហើយ។ នេះមិនមែនជា Tournament តែមួយទេដែលត្រូវបាន AFC សម្រេចព្យួរក្នុងឆ្នាំនេះ ប៉ុន្តែនៅមានកម្មវិធីធំៗទៀតដូចជា AFC Cup 2020 ក៏ត្រូវបាន AFC សម្រេចលុបចោលផងដែរ។ ចំណែកឯ AFC Champions League 2020 បានលើកទៅប្រកួតនៅខែធ្នូវិញ។ ការផ្អាក និងពន្យាពេលព្រឹត្តិការណ៍ធំៗក្នុងឆ្នាំនេះគឺសុទ្ធតែជាការធ្វើទាំងបង្ខំចិត្តដោយសារតែបញ្ហាប្រឈមរបស់ពិភពលោកគឺវិបត្តិជំងឺកូវីដ១៩។