About Me

header ads

អភិបាលរងខេត្តរតនគិរី បានធ្វើការសំណូមពរជាថ្មីដល់សហគមន៍ និងសាលារៀន អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើឱ្យប្រាកដថានៅក្នុងដំណើរការសិក្សាឡើងវិញដំណាក់កាលទី២ នេះ ជៀសផុតពីការឆ្លងវីរុសកូវីដ-១៩

ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី បានធ្វើការសំណូមពរជាថ្មីដល់សហគមន៍ និងសាលារៀន អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើឱ្យប្រាកដថានៅក្នុងដំណើរការសិក្សាឡើងវិញដំណាក់កាលទី២ នេះ ជៀសផុតពីការឆ្លងវីរុសកូវីដ-១៩។ 


 ការសំណូមពរនោះឯកឧត្តមធ្វើឡើងក្នុងឱកាសចុះពិនិត្យមើលការត្រៀមវិធានការសុខាភិបាលនៅតាមសាលារៀននានាដើម្បីទទួលសិស្សចូលរៀនឡើងវិញក្នុងដំណាក់កាលទី២ នៅស្រុកកូនមុំ និងស្រុកលំផាត់នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ។



ឯកឧត្តម គិត ទ្រី ក៏បានធ្វើការអំពាវនាវផងដែរដល់ឪពុកម្ដាយ និងអាណាព្យាបាលសូមគោរពតាមការណែនាំសំខាន់ៗរបស់ក្រសួងសុខាភិបាលក៏ដូចជាសារសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងវិធានការការពារឱ្យចាកផុតកូវីដ-១៩ និងចូលរួមនៅក្នុងកិច្ចការជួយឃ្លាំមើលអំពីសកម្មភាព និងការប្រែប្រួលសុខភាពរបស់កូនចៅខ្លួនដូចជាមានកម្ដៅខ្ពស់ ឬមិនស្រួលខ្លួន ឬផ្ដាសាយសូមឪពុកម្ដាយកុំបញ្ជូនកូនទៅរៀន។


សូមឱ្យសហការជាមួយនាយកសាលា និងគណៈកម្មការគ្រប់គ្រងសាលារៀនដែលត្រៀមនឹងរៀបចំបើកឡើងវិញនៅពេលខាងមុខនេះ។


លោកគ្រូ អ្នកគ្រូ ធ្វើយ៉ាងណាទទួលស្គាល់ថាស្ថិតក្នុងការលំបាកដែលការរាតត្បាតដោយជំងឺកូវីដ-១៩ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាដោយមិនអាចគេចវេសឡើយ។


នាឱកាសនេះ ឯកឧត្តម គិត ទ្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានធ្វើការណែនាំឱ្យគ្រប់សាលាទាំងអស់អនុវត្តឱ្យបានល្អប្រសើរនូវវិធានការសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រយុទ្ធប្រឆាំងការចម្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី (កូវីដ-១៩) ខណៈដែលរាជរដ្ឋាភិបាលដាក់ឱ្យយដំណើរការបើកសាលារៀនឡើងវិញនៅដំណាក់កាលទី២នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ។


 ដើម្បីឱ្យសិស្សានុសិស្សក៏ដូចជាអាណាព្យាបាលសិស្សមានទំនុកចិត្តមកលើសាលាក្នុងការទប់ស្កាត់វីរុសដ៏កាចសាហាវនេះផងដែរ៕



(ផង់វិន)