About Me

header ads

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកកំពង់ត្រឡាចបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច

ទេពកង្រីកំពង់ឆ្នាំងៈ វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកកំពង់ត្រឡាច ដែលដឹកនាំដោយលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នៅវត្តត្រឡែងកែងស្ថិតក្នុងភូមិវត្ត ឃុំលង្វែក  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ប្រជាពលរដ្ឋក្នុងឃុំបី នៅស្រុកកំពង់ត្រឡាច។ក្នុងវេទិកានេះមានការចូលរួមពីឯកឧត្តម ញ៉ែម វ៉ាលី ឯកឧត្តមតាំ សារឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត អាជ្ញាធរដែនដីប្រជាពលរដ្ឋសរុបជិតចំនួន២០០នាក់។



លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចបានមានប្រសាសន៍ថាៈការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ ផែនការចំនួន១៥.០០០ហិកតា សម្រេចបានចំនួន១៥.១១១ ហិកតាមិនមានបញ្ហាប្រឈមកើតឡើងឡើយ។ 



រដ្ឋបាលស្រុកកំពង់ត្រឡាចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់ត្រឡាចសហការជាមួយសមត្ថកិច្ចរក្សាបានសន្តិសុខនិងសណ្តាប់ជូនប្រជាពលរដ្ឋបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្យមិនមានបញ្ហាអ្វីកើតឡើងឡើយ។ ស្រុកកំពង់ត្រឡាចមានរោងចក្រចំនួន១៣រោងចក្រនិងសហគ្រាស១ មានកម្មករចូលបំរើការងារ២៩.៨៩៩នាក់ស្រី២៧.១៧២នាក់។



លោកបានមានប្រសាសន៍បន្តថាៈចំពោះសំណួរមួយចំនួនដែលមិនទាន់បានដោះស្រាយកាលពីវេទិកាសាធារណៈមុនអាជ្ញាធរកំពុងធ្វើការសម្របសម្រួលនិងដោះស្រាយជូនប្រជាពលរដ្ឋ បានរួចមួយចំនួនហើយ។ 



ក្រោយពីប្រជាពលរដ្ឋបានស្តាប់ការបកស្រាយរបស់លោក ឈឹម វុទ្ធា អាជ្ញាធរនិងប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធីបានទទួលយកនិងអបអរសាទរចំពោះក្រុមការងារទាំងអស់ដែលគិតគូរពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។



នៅក្នុងវេទិកាសាធារណៈថៃ្ងនេះដែរតំណាងប្រជាពលរដ្ឋបានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់សំណូមពរមកគណៈអធិបតីចំនួន១២សំណួរនិងសំណូមពរដើម្បីធ្វើការដោះស្រាយ។ឆ្លើយទៅនិងសំណូមពរក្តីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់លោកជំទាវម៉ាត់ ម៉ារ៉ានិងអង្គភាពជំនាញពាក់ព័ន្ធបានដោះស្រាយសំណូមពរនិងបញ្ហាប្រឈមបាន១០សំណួរនិងសំណូមពរជូនប្រជាពលរដ្ឋរួចហើយ ។ ចំពោះករណីនៅសេសសល់ក្រុមការងារកំពុងសិក្សាទទួលយកដោះស្រាយជូនពេលក្រោយអោយបានទាន់ពេលវេលាស្របតាមច្បាប់។



លោកជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍បន្តទៀតថាៈ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធនិងអាណាចក្រ និង បានគិតគូរពីសុខទុក្ខគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាការកំណត់និងផ្តល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋត្រូវមានតម្លាភាពស្របអនុវត្តអោយបានត្រឹមត្រូវតាមគោលយោបាយរបស់រាជរដ្ឋាភិបាលបានកំណត់។



លោកជំទាវ ម៉ាត់ ម៉ារ៉ា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព ចូលរួមគោរពច្បាប់ចរាចរណ៍និង ច្បាប់ផ្សេងៗរបស់រដ្ឋ ខិតខំបង្កើនមុខរបបប្រចាំថ្ងៃ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមនិង ត្រូវថែរក្សាសុខភាពអោយបានល្អនិងត្រូវបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋអោយយល់មានវិធានប្រុងប្រយ័ត្ននិងការពារកុំអោយឆ្លងដល់ក្នុងគ្រួសារនិងសគមន៍របស់យើង។ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតនិងទៅពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលគ.ជ.បបានកំណត់៕





ដោយសុក្ខារិន