About Me

header ads

ឯកឧត្តម គុណ សុភា និងលោកឧកញ៉ា នៅ គន់ អញ្ជើញរាប់បាត្រ កាន់បិណ្ឌវេនទី ១ នៅវត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ

( ត្បូងឃ្មុំ ): ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា នៅ គន់ និងលោកជំទាវ សៅ វណ្ណា រួមទាំងញាតិមិត្តបងប្អូនជិតឆ្ងាយ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ មានសទ្ធាជ្រះថ្លារួមគ្នាធ្វើបុណ្យរាប់បាត្រ ឆ្លងវេនបិណ្ឌទី១ នៅវត្តពោធិ៍ជ័យមង្គល ហៅវត្តដំណាក់ចារ ក្នុងឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។


ក្នុងឳកាសនោះ ឯកឧត្តម គន់ សុភា អភិបារងខេត្តត្បូងឃ្មុំ ក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទំាងអស់ សូមមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើររតាមដងផ្លូវត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគ យល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា ពិសេសរួមគ្នាបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។


ដោយសទ្ធាជ្រះថ្លា ឯកឧត្តម គន់ សុភា អភិបារងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា នៅ គន់ និងលោកជំទាវ សៅ វណ្ណា រួមទាំងញាតិមិត្តបងប្អូនជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យដាក់ជើងបិណ្ឌ ទុកកសាងសមិទ្ធិផលជាបន្តក្នុងវត្តដំណាក់ចារនេះ ចំនួន ៩.៩៩៩.៩៩៩រៀល ប្រគេនព្រះគ្រូចៅអធិការវត្តចំនួន ៤០មុឺនរៀល ព្រះសង្ឃ០៦អង្គ ក្នុង១អង្គ៦០.០០០រៀល អាចារ្យ៣នាក់ ក្នុងម្នាក់៣០.០០០រៀល គណៈកម្មការវត្ត៤នាក់ ក្នុងម្នាក់២០.០០០រៀល ជូនចាស់ជរា២០០នាក់ ក្នុងម្នាក់១០.០០០រៀល និងកុមារតូចៗ១០០នាក់ ក្នុងម្នាក់២០០០រៀលផងដែរ ។


សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។


យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតាញាតិកា ទាំង៧ សន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមក ទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ ៕ 







សុខ ផន TV5