About Me

header ads

លោកជំទាវ ដួង វណ្ណា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តឈើទាល ស្ថិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ  ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី២  លោកជំទាវ ដួង វណ្ណា និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ព្រមទាំងលោកជំទាវ ពៅ សុភាព លោកស្រីប្រធាន អនុប្រធានមន្ទីរ ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តឈើទាល ស្ថិតក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ក្នុងពិធីកាន់បិណ្ឌវេនទី២នេះដែរ លោកជំទាវ ហៅ ច័ន្ទសិរីទេពី  បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឈើទាល ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យមួយចំនួន និងសំរាប់វត្ត មានភេសជ្ជៈនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាលោកយាយជីតាជីផងដែរ។ បន្ទាប់មកលោកជំទាវព្រមទាំងក្រុមការងារ និងប្រជាពលរដ្ឋបានបង្សុកូល និងបានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមអោយមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា។




លោកជំទាវក៏បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយអោយបានទទួលកុសលផលបុណ្យ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ។ លោកជំទាវក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និង សូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿង និង អំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើមនិងបង្កើនមុខរកចំណូលប្រចាំថ្ងៃជាពិសេសត្រូវបង្កើនមុខរបរប្រចាំថ្ងៃ កុំធ្វើចំណាកស្រុកប្រថុយប្រថានខុសច្បាប់ ។ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ត្រូវធានាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ  ។