About Me

header ads

បុរសម្នាក់ត្រូវរថភ្លើងកិនស្លាប់សង្ស័យស្រវឹងស្រាទៅដេកលើផ្លូវដែក

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្មកររោងចក្រធ្វើដំណើរទៅធ្វើការប្រទះឃើញដេកស្លាប់ក្នុងស្ថានភាពដាច់ដៃដាច់ជើងនៅលើផ្លូវរថភ្លើងខ្សែភ្នំពេញ- កំពត ស្ថិនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយសារតែគាត់ផឹកស្រាស្រវឹងរួចទៅដេកនៅលើផ្លូវដែកនោះ។ បុរសខាងលើឈ្មោះ សុខា សោភ័ណ្ឌ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងអូរដឹម មានទីលំនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី និងមានស្រុកកំណើតនៅឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។



ប្រជាពលរដ្ឋបាននិយាយថា កាលពីវេលាយប់ថ្ងៃទី២៨ ខែកញ្ញា ពួកគាត់បានឃើញបុរសខាងលើដើរតាមផ្លូវជាតិលេខ៤ក្នុងស្ថានភាពស្រវឹងពីទិសខាងកើតឆ្ពោះទៅលិច បន្ទាប់មកទៅអង្គុយនៅលើផ្លូវដែកនោះ ហើយក្រោយមកមិនបានចាប់អារម្មណ៍ថាគាត់ដេកនៅទីនោះឬបែបណាទេ។ លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែកញ្ញា ទើបត្រូវបានកម្មករ១ក្រុមដែលធ្វើដំណើរទៅធ្វើការរោងចក្រប្រទះឃើញសាកសពបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ប៉ុន្តែកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា មានរថភ្លើង១ខ្សែបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដែរ លុះដល់វេលាម៉ោង៥ព្រឹកថ្ងៃដដែលមានរថភ្លើងដឹកប្រេង១ខ្សែទៀតបើកបរធ្វើដំណើរពីទិសដដែលនេះចូលភ្នំពេញដែរ តែពុំដឹងថារថភ្លើងមុនឬក្រោយទេដែលកិនជនរងគ្រោះស្លាប់។


កម្មករសំណង់ម្នាក់បាននិយាយថា កាលពីថ្ងៃទី២៨ ខែកញ្ញា មេការបានឲ្យឈប់សម្រាក១ថ្ងៃព្រោះតែភ្លៀងធ្វើការមិនកើត ហើយពេលនោះកម្មករមួយចំនួនបាននាំគ្នាទៅផ្ទះនិងមួយចំនួនទៀតសម្រាកនៅក្នុងការដ្ឋានសំណង់ចំណែកជនរងគ្រោះបានផឹកស្រាស្រវឹងធ្លាក់ភ្នែក។ ក្រោយមកក៏បានដើរចេញពីការដ្ឋានសំណង់ ហើយក៏បានបាត់ខ្លួនរហូតដល់ព្រឹកឡើងទើបប្រទះឃើញសាកសពបែបនេះតែម្ដង ។ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កន្ទោកនិងខណ្ឌកំបូលឲ្យចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនិងបានទាក់ទងទៅកាន់ក្រុមគ្រួសារដើម្បីនាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕