About Me

header ads

“ពិព័រណ៍រូបធាតុងងឹត” របស់វិចិត្រករជនជាតិបារាំងម្នាក់

ពិព័រណ៍រូបធាតុងងឹតរបស់វិចិត្រករជនជាតិបារាំងម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា នៅទីតាំងវិចិត្រសាលនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា

សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានរៀបចំបើកបង្ហាញនូវពិព័រណ៍គំនូរលើកដំបូងជាថ្មីម្តងទៀត ក្រោមចំណងជើងថា ពិព័រណ៍រូបធាតុងងឹត ដែលជាពិព័រណ៍គំនូរលើទី៧ ហើយនៅក្នុងទីតាំងវិចិត្រសាលនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ពិព័រណ៍នេះមានឈ្មោះថា “ពិព័រណ៍រូបធាតុងងឹត” ដោយពាំនាំយកមកបង្ហាញដោយវិចិត្រករវ័យក្មេងដ៏មានទេពកោសល្យម្នាក់គឺលោក DONVIRAO ដើម្បីបង្ហាញបច្ចេកទេសសិល្បៈនៃរូបធាតុជ័រតែមួយគត់ នៅលើផ្ទាំងក្រណាត់យ៉ាងពិសេស។


លោក ដុន វីរ៉ាវ ក៏បានបង្ហាញខ្លួនចូលរួមដោយក្តីសោមនស្សរីករាយ នាឱកាសដាក់សម្ពោធការតាំងពិព័រណ៌ជាផ្លូវការ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ ស្នាដៃសិល្បៈគំនូររបស់វិចិត្រករជនជាតិបារាំងរូបនេះ ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវទស្សនាជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា លោក DONVIRAO ជាវិចិត្រករល្បីម្នាក់ ដែលបានកើតនៅប្រទេសបារាំង នៅឆ្នាំ១៩៩៨។ លោកបានមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ ដើម្បីស្វែងរកឫសគល់របស់លោក។ រយៈពេល ៤ ឆ្នាំក្រោយមក ជាមួយនឹងបទពិសោធន៍ដ៏រឹងមាំ ក្នុងគ្រួសារមួយដែលពុំមានការបញ្ជាក់ពីនាមត្រកូល ដែលបានធ្វើឱ្យលោកចាប់ផ្តើមអាជីពសិល្បៈនេះតែម្តង។

ដុនវីរ៉ាវ ចូលចិត្តសិល្បៈផ្សេងៗតាំងពីតូចមកម្ល៉េះ រួមបញ្ចូលទាំងសិល្បៈគំនូរទៀតសោត។ សព្វថ្ងៃនេះវិចិត្រករវ័យ ២២ ឆ្នាំរូបនេះ មានវិធីសាស្រ្តផ្ទាល់ខ្លួននៃការបង្ហាញសិល្បៈគំនូរអរូបីដែលត្រៀមបង្ហាញនៅក្នុងវិចិត្រសាលនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ដូច្នេះចង់ដឹងថា ពិព័រណ៍រូបធាតុងងឹត មានភាពប្លែកពិសេសយ៉ាងណា សូមសាធារណៈជនអញ្ជើញចូលរួមទស្សនាស្នាដៃគំនូររបស់វិចិត្រករ លោក ដុនវីរ៉ាវ ដែលបានបើកទទួលការចូលដោយសេរី រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។