About Me

header ads

លោក ទេព ឡុងរចនា ថាមានកីឡាករ៣នាក់នេះដូចមានអ្វីៗគ្រប់យ៉ាង



លោក ទេព ឡុចរចនា អតីតគ្រូបង្គោលរបស់ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលបច្ចុប្បន្នឡើងកាន់តំណែងជានាយកបច្ចេកទេសរបស់ក្លិបនោះបាននិយាយថាលោកមាននិម្មិតរូបបាល់ទាត់ជាច្រើនកាលជំនាន់លោកនៅលេង ប៉ុន្តែលោកសម្លឹងឃើញកីឡាករតែ៣នាក់ប៉ុណ្ណោះដែលលោកគិតថាពួកគេល្អឥតខ្ចោះ។ អ្នកទាំង៣នោះមានដូចជា៖ Ruud Van Nistelrooy, David Bechkam និង Willian។ គ្រូបង្វឹកបាល់ទាត់ដ៏មានបទពិសោធន៍រូបនេះបានពន្យល់ពីលក្ខណៈពិសេសរបស់អ្នកទាំងបីនេះរៀងៗខ្លួនដោយចាប់ផ្តើមពី Van Nistelrooy មុន។



លោកថា Van Nistelrooy មានកាយសម្បទារឹងមាំល្អសក្កិសមជាខ្សែប្រយុទ្ធ ហើយពូកែខាងអូសបាល់កាត់ខ្សែការពារចូលប្រអប់ខាងក្នុង រួចស៊ុតបំប៉ោងសំណាញ់ទី។ អ្នកខ្លះថា Van Nistelrooy ជាខ្សែប្រយុទ្ធចងមុង ប៉ុន្តែលោកគាំទ្រការចងមុងរបស់ខ្សែប្រយុទ្ធសញ្ជាតិហុល្លង់រូបនោះ ពីព្រោះគាត់មានបច្ចេកទេសខ្ពស់ក្នុងការបញ្ចប់ទី ហើយការរក្សាវត្តមានគាត់នៅខាងលើក្បែរទីរបស់គូប្រកួតអាចគំរាមកំហែងដល់ខ្សែការពារខាងគេយ៉ាងខ្លាំង។ លើសពីនេះទៅទៀត Van Nistelrooy បានបច្ចេកទេសល្អក្នុងការលោតតែតបាល់ទាត់បញ្ចូលទី ដូច្នេះរាល់បាល់ដែល Cross ពីស្លាបមកបើខ្សែការពារខាងគេមិន Clear ចោលឲ្យលឿនទេ គឺពិបាករបស់ Van Nistelrooy ហើយ។



ចំណែកឯខ្សែបម្រើជើងចាស់ David Beckham មានភាពវៃឆា្លតខ្លាំងណាស់។ គាត់លេងមិនសូវប្រើល្បឿនខ្លាំងប៉ុន្មានទេ ប៉ុន្តែបច្ចេកទេសនៃការបញ្ជូនបាល់របស់គាត់ទៅឲ្យដៃគូហាក់បីដូចជាចាប់ដាក់អ៊ីចឹង។ គាត់សម្លឹងមើលបានឆ្ងាយ ហើយការ Cross បាល់របស់គាត់មានភាគរយខ្ពស់ណាស់ក្នុងការឲ្យខ្សែប្រយុទ្ធដែលរង់ចាំត្រងបាល់ពីគាត់សម្រេចទីបាន។ Beckham មានជំនាញពិសេសមួយទៀតគឺការទាត់បាល់ Freekick ដោយសារបាល់ដែលទាត់ចេញពីជើងគាត់ជាបាល់កោងតាមខ្យល់ និងមានល្បឿនលឿនវិលខ្ញាល់តែម្តងធ្វើឲ្យអ្នកចាំទីពិបាកនឹងសង្គ្រោះបំផុត។



ចំណែកឯកីឡាករ Willian មិនមែនជាកីឡាករចាស់វស្សាដូច Van Nistelrooy និង Beckham ទេ ប៉ុន្តែខ្សែបម្រើសញ្ជាតិប្រេស៊ីលម្នាក់នេះមានភាពរហ័សរហួន ហើយរត់លឿនណាស់។ គេអាច Attack តាមស្លាបទាំងសងខាង ហើយកម្លាំងជើងស៊ុតក៏ខ្លាំងទៀត។ ចំណុចពិសេសដែលលោកមើលឃើញលើកីឡាករ Willian នេះគឺបច្ចេកទេសទប់បាល់របស់គាត់។ មិនថាគូប្រកួតបោះបាល់ខ្ពស់ ឬបាល់លោតយ៉ាងណាក៏គេនៅតែអាចប្រើតិចនិកទប់បាល់ជាប់នឹងតែម្តងខុសពីកីឡាករមួយចំនួនហាក់នៅស្ទើរក្នុងការទប់បាល់នៅឡើយ។ សរុបមកកីឡាករទាំង៣នាក់នេះគឺស្ថិតក្នុងជម្រើសរបស់លោក ទេព ឡុងរចនា ជាប់រហូត ហើយលោកជឿថា ប្រសិនបើក្នុងក្រុមមួយមានកីឡាករ៣នាក់ដែលមានលក្ខណៈដូចជាពួកគេនេះហាក់បីដូចជាមានអ្វីៗគ្រប់យ៉ាងអ៊ីចឹង។