About Me

header ads

តើលោក គឹម ភក្កី ពិតជាអាចដូចលោក Roberto Di Matteo មែនឬ?

តើលោក គឹម ភក្កី ពិតជាអាចដូចលោក Roberto Di Matteo មែនឬ? 
លោក គឹម ភក្តី គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមបឹងកេតកំពុងតែដឹកនាំក្រុមនាគខៀវបានយ៉ាងល្អក្រោយដណ្តើមបានចំណាត់ថ្នាក់លេខ១ នៅជុំទី១ បន្ទាប់ពីបំបាក់ក្រុមព្រះខ័នរាជស្វាយរៀងដល់ដីដោយលទ្ធផល 2-4។ យ៉ាងណាមិញ លោក គឹម ភក្កី ធ្លាប់បានបញ្ជាក់ថា លោកមិនចង់ទទួលតំណែងជាគ្រូបង្វឹកផ្លូវការរបស់ក្លិបឡើយ បើទោះបីជាអាចដឹកនាំក្រុមឲ្យឈ្នះជើងឯកលីគកំពូលក៏ដោយ។

ចំពោះរឿងនេះ អ្នកសារព័ត៌មានក៏បានចោទជាសំណួរទៅកាន់លោក បែ មករា អ្នកចាត់ទូទៅរបស់ក្លិបបឹងកេតនៅក្នុងឱកាសថ្ងៃចាប់ឆ្នោតប្រកួតជុំទី២ផងដែរដោយលោក មករា បានឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លិបពេញចិត្តនឹងការដឹកនាំប្រកបដោយគុណភាពរបស់លោក គឹម ភក្កី ហើយក៏ចង់បានលោកធ្វើជាគ្រូបង្វឹកផ្លូវការរបស់ក្លិបដែរ ប៉ុន្តែអ្វីគ្រប់យ៉ាងស្ថិតលើការសម្រេចចិត្តរបស់លោក គឹម ភក្កី ប៉ុណ្ណោះ។ លោក បែ មករា បានប្រាប់ទៀតថា លោក គឹម ភក្កី ជានាយកផ្នែកបច្ចេកទេស ប៉ុន្តែនៅពេលដែលក្លិបចែកផ្លូវគ្នាជាមួយលោកលោក អាំភីសិត ក្លិបយល់ថា លោក គឹម ភក្កី អាចទទួលខុសត្រូវលើការងារមួយនេះជាបណ្តោះអាសន្ន ប៉ុន្តែដោយឃើញគាត់ដឹកនាំប្រកបដោយសមត្ថភាពទើបចង់បានធ្វើជាគ្រូបង្វឹកផ្លូវការ ប៉ុន្តែក្លិបត្រូវគោរពលើការសម្រេចចិត្តរបស់លោក គឹម ភក្កី។ មានតែទៅថ្ងៃមុខប៉ុណ្ណោះទើបអាចដឹងច្បាស់ពីរឿងនេះ ហើយពេលនេះក្នុងនាមលោកជាអ្នកចាត់ការទូទៅក៏មិនទាន់អាចបញ្ជាក់អ្វីលើសពីនេះឡើយ។
សូមបញ្ជាក់ថា លោក គឹម ភក្កី ត្រូវបានតែងតាំងឲ្យធ្វើគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក អាំភីសិត ហើយលោក គឹម ភក្កី បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យមួយដោយដឹកនាំក្រុមនាគខៀវបឹងកេតឈ្នះគ្រប់ប្រកួតទាំងអស់ ពោលគិតចាប់ពីប្រកួតទី៦មកដល់ប្រកួតចុងក្រោយក្នុងជុំទី១នេះដោយពួកគេបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង រួចទាញក្រុមការពារតំណែងជើងឯកនេះទម្លាក់មកចំណាត់ថ្នាក់លេខ២វិញមុនបន្តដំណើរឆ្ពោះទៅប្រជែងពានលីគនៅជុំទី២។ ប៉ុន្តែគ្រូបង្វឹករូបនេះហាក់មិនទាន់មានភាពប្រាកដប្រជាជាមួយតំណែងគ្រូបង្វឹកផ្លូវការនៅឡើយ។ វាមិនខុសពីលោក Roberto Di Matteo អតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea ដែលបានដឹកនាំក្រុមអង់គ្លេសមួយនេះឲ្យឈ្នះជើងឯក UEFA Champions League រដូវកាលឆ្នាំ២០១១/២០១២ ក្រោយយកឈ្នះបាល់១១ម៉ែត្រកាត់ក្តីទៅលើក្រុម Bayern Munich។ ក្រោយដឹកនាំក្រុមជោគជ័យ លោក Di Matteo ត្រូវបានមហាសេដ្ឋីរបស់ Chelsea លោក Roman Abramovic ស្នើតែងតែធ្វើគ្រូបង្វឹកផ្លូវការដែរ ប៉ុន្តែត្រូវបានសាមីខ្លួនបដិសេធ។ ដូច្នេះចង់ដឹងថាតើ លោក គឹម ភក្កី ពិតជាអាចដូចលោក Roberto Di Matteo ដែរឬយ៉ាងណា?