ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខល ឯ.ក ចូលជួបសម្តែងការគួសម និងរាយការអំពីពាណិជ្ជកម្មថ្នាំកសិកម្ម របស់ក្រុមហ៊ុននៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាកខេត្ត បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខល ឯ.ក ចូលជួបសម្តែងការគួសម និងរាយការអំពីពាណិជ្ជកម្មថ្នាំកសិកម្ម របស់ក្រុមហ៊ុននៅខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងជំនួបនេះមាន លោកនាយកទីចាត់ការហិរញ្ជវត្ថុសាលាខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធាន និងសមាជិក សភាពាណិជ្ជកម្មខេត្ត តំណាងមន្ទីរកសិកម្មខេត្ត និងប្រតិភូក្រុមហ៊ុនជាច្រើនរូបទៀត។លោកអគ្គនាយកក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខលបានលើកឡើងថា គោលបំណងនៃជំនួបនេះ​ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងធានាការ លើកកម្ពស់កម្រិតជីវភាពកសិករឱ្យប្រសើឡើងតាមរយះការជំរុញឱ្យមានទិន្នផលខ្ពស់ចំពោះដំណាំ កសិកម្ម គ្រប់ប្រភេទ ដែលក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនចិន ក្នុងការនាំយកថ្នាំ និងជីករសិកម្ម ដែលមានគុណភាពល្អ និងតម្លៃសមរម្យមកកាន់ទីផ្សារកម្ពុជា ។បច្ចុប្បន្នក្រុមហ៊ុនកំពុង ពង្រីកទីផ្សារទៅកាន់ខេត្តស្វាយរៀង ដែលជាខេត្តមានសក្កដានុពលក្នុងវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ។


ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងនូវការអរគុណចំពោះអគ្គនាយកក្រុមហ៊ុន និងសហការី ដែលមានចំណាប់អារម្មណ៍លើវិស័យពាណិជ្ជកម្ម កសិកម្ម និងផលិតផលថ្នាំកសិកម្មនៅខេត្តស្វាយរៀងនាថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ និងជម្រុញដល់ការសហការជាមួយមន្ទីរកសិកម្មខេត្ត និងសហគមកសិកម្មខេត្តក្នុងការផ្សព្វផ្សាយថ្នាំ និងជីកសិកម្មដែលមានគុណភាពជូនដល់ កសិកដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។