About Me

header ads

កសិករ១គ្រួសារ ប្រកបរបរដាំបន្លែសណ្តែកកួរលក់ តែតម្លៃទីផ្សារមានការធ្លាក់ចុះ

ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គេសង្កេតឃើញប្រជាពលរដ្ឋ ១គ្រួសារ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រកបរបរ ដាំបន្លែសណ្តែកកួរ ចំនួន៣២រង ដើម្បីបានផលបេះលក់យកប្រាក់ចិញ្ចឹមជីវិត ។ តែនៅខែសីហានេះ តម្លៃទីផ្សារហាក់ដូចជាមានការធ្លាក់ចុះ ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភផងដែរ ។  ប្រភពព័ត៌មាន ពីកសិករម្នាក់ ឈ្មោះ សុខ ភាព ភេទស្រី អាយុ50ឆ្នាំ ប្តី ឈ្មោះ ហ៊ិន នូ អាយុ៥០ឆ្នាំដូចគ្នា រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀប រាប់ឱ្យដឹងថា គាត់បានជួលដីភូមិគេ ក្នុងតម្លៃ៥០ម៉ឺនរៀល រយ:ពេល១ឆ្នាំ ដើម្បីដាំបន្លែសណ្តែកកួរ  ។ ប្រភពបន្តទៀតថា គាត់ដាំបន្លែនេះ ចំនួន៣២រង ដោយក្នុងមួយរងៗ (ជួរ) ប្រវែង៥០ម៉ែត្រ ដោយចាប់តាំងពីដាំបានរយ:ពេល៦សប្តាហ៍ ទើបរុក្ខជាតិនេះចាប់ផ្តើមចេញផ្កា និងផ្លែ ប្រមូលផលជាបណ្តើរៗ បេះលក់ឱ្យឈ្មួញ បានរយ:ពេលជិត២ខែមកហើយ ។ ចំពោះការប្រមូលផល ក្នុង១ថ្ងៃ បេះសណ្តែកលក់ ចាប់ពី៤០ទៅ៦០គីឡូក្រាម ។ រីឯតម្លៃទីផ្សារ កាលពីដើមខែកក្កដា កន្លងទៅ បានការធ្លាក់ចុះខ្លាំង ដោយឈ្មួញទិញសណ្តែកកួរត្រឹមតែ៨០០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះ តម្លៃទីផ្សារមានការឡើងបន្តិច ដោយ១គីឡូក្រាម ឈ្មួញទិញតម្លៃ១៥០០រៀល ។ គាត់បញ្ជាក់ថា កាលពីដាំមុនៗ ឈ្មួញទិញសណ្តែកកួរ ១គីឡូក្រាម តម្លៃ៣៥០០ទៅ៤០០០រៀល ដែលអាចធ្វើឱ្យគាត់មានការចំណេញសល់ថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាព លុះមាន ការនាំចូលមកពីតាមបណ្តាខេត្តផ្សេងៗ ក៏ធ្លាក់ចុះតែម្តង ។ គាត់បន្ថែមថា បន្ទាប់ពីចំណាយដើមទុន អស់ជាង៤លានរៀល រួមទាំងការជួលដី ទិញកូនឈើធ្វើទ្រើង មិនទាន់ទូទាត់សងថ្លៃជំពាក់គេរួចរាល់នៅឡើយទេ ប្រហែលជាដាំម្តងទៅ២ដងទៀត ទើបអាចទូទាត់សងគេអស់ ។ គាត់ក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដោយបន្ទាប់ពីសណ្តែកកួរ ចេញផ្កាផ្លែ ហាក់ដូចជាមានស្រមោច និងចៃច្រើន ពិបាកក្នុងការថែទាំ ហើយទិន្នផល ក៏មានការធ្លាក់ចុះជាងឆ្នាំមុនៗ ដែរ ខណ:គាត់មិនហ៊ានប្រើថ្នាំ ឬជីគីមីនោះឡើយ ក្រែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។ ទោះជាយ៉ាងណាបន្ទាប់ពីប្រមូលផលសណ្តែកកួរនេះរួចរាល់ គ្រួសាររបស់គាត់ នឹងដាំត្រសក់ផ្អ (ទ្រើង)វិញម្តង ៕