ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរកំពូលតារាងទោះត្រូវប្រឈមនឹងក្រុមខ្លាំងវិសាខា ខណៈក្រុមទ័ពឡើងមកលេខ៦

ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរកំពូលតារាងទោះត្រូវប្រឈមនឹងក្រុមខ្លាំងវិសាខា ខណៈក្រុមទ័ពឡើងមកលេខ៦ 

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC បានឡើងមកចំណាត់ថ្នាក់លេខ៦វិញដូចដែលបានគ្រោងទុកក្រោយយកឈ្នះជើងខ្លាំងខេត្តតាកែវក្រុមគីរីវង្សសុខសែនជ័យនៅក្រៅផ្ទះដោយលទ្ធផលបច្ចេកទេស 0-1 អរគុណទៅដល់គ្រាប់បាល់ដ៏មានតម្លៃនៅចុងម៉ោងរបស់ខ្សែប្រយុទ្ធវ័យក្មេងកីឡាករ ណារ៉ុង កក្កដា។

 ខណៈដែលក្រុមខ្លាំងប៉ះខ្លាំង ឬ Big Match of the week រវាងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង និងវិសាខាបានបញ្ចប់ទៅដោយលទ្ធផលជ័យជម្នះបានទៅលើក្រុមម្ចាស់ផ្ទះស្វាយរៀងយកឈ្នះ 3-2។ ការទទួលបាន៣ពិន្ទុនេះពិតជាសំខាន់បំផុតសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងការបន្តគ្រប់គ្រងតំណែងកំពូលតារាងនៅសប្តាហ៍នេះ ពីព្រោះក្រុមបឹងកេតកំពុងតែដេញតាមពីក្រោយយ៉ាងប្រកៀកជាទីបំផុត។

សម្រាប់លទ្ធផលនៅសប្តាហ៍នេះ៖ គីរីវង្សសុខសែនជ័យ 0-1 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទអាស៊ីអឺរ៉ុបយូណាធីត 2-4 ណាហ្គាវើលដ៏ ភ្នំពេញក្រោន 2-2 សូទីឡូនគរបាលជាតិ 1-1 យុវជនបាទីអាយុក្រោម១៨ឆ្នាំ អគ្គីសនីកម្ពុជា 2-4 បឹងកេត ខណៈដែល Big Match គឺក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងបានយកឈ្នះវិសាខាដោយលទ្ធផល 3-2។