About Me

header ads

ប្រជុំគណៈកម្មការទី១០​ ព្រឹទ្ធសភា​ ដេីម្បីសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍថ្មីៗរបស់ខេត្ត​ វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន​

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ៧រោច​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២០នេះ​  ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាល​ខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការទី១០​ ព្រឹទ្ធសភា​ ដេីម្បីសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍថ្មីៗរបស់ខេត្ត​ វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន​ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ។ 


អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជារងប្រ​តិបត្តិការសឹករងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងលោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត​។ 


មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ​ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានថ្លែងនូវការអរគុណចំពោះការឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះ មកឈ្វេងយល់អំពីប្រសិទ្ធភាព ប្រសិទ្ធផល និងបញ្ហាប្រឈមនានាជុំវិញការអភិវឌ្ឍមូលដ្ឋាន ពិសេសការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងការងារវិមជ្ឈការ​  វិសហមជ្ឈការ​ នាពេលនេះ។ ក្នុងនោះ​ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ការអភិឌ្ឍ​ វឌ្ឍនភាព​ នៃការអនុវត្តច្បាប់ ការផ្តល់សេវារដ្ឋបាល និងការបង្ការទប់ស្តាប់ការរីករាលដាលនៃជំងឺកូវីដ១៩​ ជាដេីម។


បន្ទាប់ពីបានស្តាប់នូវប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់​ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មានសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើន​ ភាពរីកចម្រើននេះ ហេីយ​ គឺអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងដោយមានការចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងទាំងមូល។ 


 ឯកឧត្តមប្រធានគណៈកម្មការទី១០ បានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែគៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។


ឯកឧត្តមបន្តថា​ លទ្ធផលនៃអង្គប្រជុំនាពេលនេះ​ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងនាំយកទៅរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជូនជ្រាប និងចាត់វិធានការដោះស្រាយ៕