About Me

header ads

អាជ្ញាធររាជធានីភ្នំពេញនិងខណ្ឌមានជ័យនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យដាក់ម៉ាស៊ីនបូមទឹកចល័តបន្ថែម ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងដែលជន់លិចផ្ទះសម្បែងពលរដ្ឋ

ភ្នំពេញ ៖ ក្រោយកម្ពុជាទទួលរងនូវសម្ពាធព្យុះ បូករួមទាំងរដូវវស្សាមានការធ្លាក់ភ្លៀងខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា ជាក់ស្តែងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ មានការធ្លាក់ភ្លៀងយ៉ាងខ្លាំងស្ទើរចាក់បាក់មេឃជាច្រើនម៉ោង បង្កជាជំនន់ទឹកភ្លៀងជន់លិចតាមដងផ្លូវនានា និងលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផងដែរ។




ដោយឡែកងាកមកភូមិសាស្ត្រខណ្ឌមានជ័យនាព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០នេះវិញ គេសង្កេតឃើញជំនន់ទឹកភ្លៀងបានជន់លិចនៅតំបន់ខ្លះក្នុងមូលដ្ឋាន ហើយទីតាំងដែលមានការជន់លិចខ្លាំងជាងគេនៅគឺនៅម្តុំសន្សំកុសល ដែលមានការលិចកម្ពស់ត្រឹមចង្កេះឯណោះ ។ មិនថាតែខណ្ឌមានជ័យនោះទេ តំបន់ក្នុងបណ្តារខណ្ឌផ្សេងទៀតក៏មានការជន់លិចដូចគ្នា ប៉ុន្តែការជន់លិចទាំងនេះ បានបន្តស្រកចុះទៅវិញបណ្តើរៗ ។



មិនបង្អន់យូរក្រោយពីមានភ្លៀងធ្លាក់ គេសង្កេតឃើញវត្តមានរបស់លោកអភិបាលខណ្ឌមានជ័យ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់ភូមិ បានចុះមកពិនិត្យតាមប្រព័ន្ធលូ និងស្ថានីយ៍បូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាំងពីម៉ោង ៤ព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ ។ ក្នុងនោះ មិនសម្ងំមើលពលរដ្ឋកំពុងលំបាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានធ្វើការដាក់បន្ថែមម៉ាស៊ីនបូមទឹកចល័ត ដាក់ជំនួយលើម៉ាស៊ីនបូមទឹករបស់ស្ថានីយ៍បូមទឹកបឹងទំពុន ដើម្បីជួយបូមទឹកដែលជន់លិចក្នុងរាជធានីភ្នំពេញឲ្យឆាប់ស្រកលឿន ជូនប្រជាពលរដ្ឋផងដែរ ដោយមានការបិទចរាចរណ៍នៅចំណុចស្ថានីយ៍បូមទឹកបឹងទំពុនបណ្តោះអាសន្ន ។ លុះនៅព្រឹកថ្ងៃដដែលអាជ្ញាធរក៏បន្តចុះធ្វើការពិនិត្យស្ថានការណ៍ការជន់លិចនេះបន្តទៀត តែទន្ទឹមនឹងការខិតខំរបស់អាជ្ញាធររាជធានីភ្នំពេញហើយនោះ ក៏សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងការចោលផ្តេសផ្តាសឬគរលើមាត់លូជាដើម ដែលជាធ្វើឲ្យមានការជន់លិចកាន់តែខ្លាំង ៕