About Me

header ads

គួរឲ្យសង្វេគក្មេងប្រុសម្នាក់ក្នុងចំណោមគ្នា២នាក់ចុះលេងទឹកស្រះរអិលជើងទៅកន្លែងជ្រៅលង់ស្លាប់


ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងស្រះទឹកមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។បន្ទាប់ពីមានក្មេងប្រុសអាយុ៥ឆ្នាំ២នាក់ចុះទៅលេងទឹកស្រះក្បែរផ្ទះហើយរអិលជើងទៅកន្លែងជ្រៅ បណ្ដាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិតម្នាក់ ចំណែកម្នាក់ទៀតមានសំណាងមិនអីហើយបានរត់ទៅប្រាប់ម្ដាយក្មេងប្រុសរងគ្រោះនិងអ្នកភូមិនាំគ្នាទៅរាវស្រង់សាកសពឡើងគោកយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះ វុទ្ធី បាន អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ឃី វុទ្ធី អាយុ៤០ឆ្នាំ មុខរបរជាអ្នកនិពន្ធ និងម្តាយឈ្មោះ អ៊ុង ឧត្តម អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ។ សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងមានស្រុកកំណើតភូមិ៦ ឃុំស្វាយភ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។នៅមុនកើតហេតុក្មេងប្រុសរងគ្រោះនិងក្មេងប្រុសម្នាក់ទៀតបាននាំគ្នាចុះទៅលេងទឹកស្រះមួយស្ថិតនៅជិតផ្ទះខណៈម្ដាយមិនបានដឹងទេព្រោះជាប់រវល់លក់ដូរ ហើយស្រាប់តែក្មេងប្រុសរងគ្រោះរអិលជើងធ្លាក់ចូលទៅកន្លែងជ្រៅបណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ប្រភពខាងលើបានបន្តទៀតថា  ចំណែកក្មេងប្រុសម្នាក់ទៀតដែលដើរលេងជាមួយគ្នា មានសំណាងមិនអីហើយក៏ស្រែកហៅម្ដាយក្មេងប្រុសរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ជួយចុះរាវរកឃើញសាកសពនិងស្រង់ឡើងគោក។ ហើយក្រោយពីនគរបាល ពិនិត្យរួចឪពុកម្ដាយបានយកសពកូនប្រុសទៅធ្វើបុណ្យនៅក្នុងវត្តស្ងួនពេជ្រដែលស្ថិតនៅជិតផ្ទះនោះដែរ៕