About Me

header ads

អភិបាលខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល

ខេត្តស្វាយរៀង: ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាគណៈអធិបតីជាមួយឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល តំណាងលោកជំទាវកិត្តិសង្គហបណ្តិ ម៉ែន សំអន ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន។អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះស្រុុករំដួល ខេត្តស្វាយរៀង ប្រធាន អនុប្រធាន សមាជិកក្រុមការងារទទួលបន្ទុកឃុំទាំង១០ និងក្រុមការងារលេខាធិការដ្ឋានសរុបវត្តមានចូលរួមចំនួនប្រមាណ១៨៣នាក់។



មានប្រសាសន៍ក្នុងធិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការចុះអនុវត្តការងារយ៉ាងសកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល គឺពិតជាបានបង្ហាញឲ្យឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្ដស្វាយរៀង ក្នុងការប្រមូលផ្ដុំនូវកម្លាំងសរុប តម្រង់ឆ្ពោះទៅមូលដ្ឋាន ដើម្បីគាំទ្រ និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។



ទន្ទឹមនេះ ក្រុមការងារចុះមូលដ្ឋានបានផ្តល់នូវចំណុចវិជ្ជមានមួយចំនួនដូចជា
១-ជួយលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។២-ផ្សព្វផ្សាយកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយនោះ ។៣-ចូលរួមដោះស្រាយ និងបូកសរុបសំណើ សំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជាមួយនេះ ជួយជំរុញការយល់ដឹងពីមូលដ្ឋាន និងបង្កើនភាពជិតស្និទ្ធ និងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលថ្នាក់កណ្ដាល អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមមូលដ្ឋាន ។


ឯកឧត្តម លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយកិត្តិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជាឆ្ពោះទៅមុខស្ថិតក្រោមដំបូលសុខសន្តិភាព ប្រជាជនមានជីវភាពធូធារប្រសើជាងមុន​ ក្នុងនោះរួមទាំងការអភិវឌ្ឍហេដ្ឋាចនាសម្ព័ន្ធមានការចំរើនលើគ្រប់វិស័យផងដែរ។ជាមួយនេះឯកឧត្តមបន្តថា​ ក្នុងនាមតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត​ សូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ជាក្រុមការរាជរដ្ឋាភិបាល​ ក្រុមការងារលេខាធិការដ្ឋាន​ ចុះជួយស្រុករំដួលដែលបានលះបង់ពេលវេលា​ កំលាំងកាយចិត្ត និងធនធានក្នុងការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់ ក្នុងនោះបានចុះអនុវត្តយ៉ាងសកម្មក្នុងការយកចិត្តទុកដាក់ទៅលេីការតាមដាន និងពិនិត្យការងារជាពិសេសការប្រមូលព័ត៌មានជាក់ស្តែងដើម្បីធ្វើការឆ្លើយតបនូវតម្រូវការ កង្វល់ បញ្ហាសំណើរសំណូមពរ និងជម្រុញការដោះស្រាយសមស្របជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះ៕