About Me

header ads

បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម ឆក់ទូរស័ព្ទ រួចក៏ជិះដេញតាម ត្រូវអ្នកបិទគូទធាក់ម៉ូតូផ្ដួលរងរបួសបែកមុខបែកមាត់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយ ឆក់ទូរស័ព្ទបានសម្រេចរួចជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូដេញពីក្រោយ រហូតមកដល់មុខផ្សារស្ទឹងមានជ័យចាស់ ក៏ត្រូវបក្ខពួកជនសង្ស័យជិះម៉ូតូបិទគូទមកពីក្រោយធាក់ផ្ដួល បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០ នាទីយប់ថ្ងៃអង្គារទី ២៥ ខែសីហាឆ្នាំ ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវ ២៧១ក្នុងសង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ដុក មករា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរធ្វើជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី ទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BB-5980 ចេញពីធ្វើការនៅម្ដុំវត្តសំរោងអណ្ដែត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ លុះមុខដល់ចំណុចស្តុប Nokia  ស្រាប់តែលេចមុខជនសង្ស័យ២ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ម៉ាក iphone 6 plus ខណះរូបគាត់កំពុងតែនិយាយ បានសម្រេចរួចនាំគ្នាជិះគេចខ្លួន ភ្លាមនោះរូបគាត់ក៏បានខំជិះម៉ូតូដេញពីក្រោយរហូតមកដល់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែមានបក្សពួកជនសង្ស័យពីរនាក់ទៀត ដែលជាអ្នកបិទគូទ មកពីក្រោយធាក់ម៉ូតូគាត់បណ្តាលឲ្យដួលអូសទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់  ចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។


ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសួរនាំបន្ទាប់មកឃើញសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុរួចក៏បានយកម៉ូតូដឹកជនរងគ្រោះទៅព្យាបាលរបួសដោយខ្លួនឯង ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ៕