About Me

header ads

សិប្បកម្មផលិតប្រហិត«លីហួង»ត្រូវសមត្ថកិច្ចចម្រុះចុះបិទព្រោះអត់អនាម័យនិងគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ សិប្បកម្មផលិតប្រហិតមួយកន្លែង«លីហួង»មានទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ត្រូវកម្លាំសមត្ថកិច្ចចម្រុះ១ក្រុមចុះទៅបិទផ្អាកដំណើរការជាបណ្ដោះអាសន្នកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ 
និងតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺនៅពេលក្រោយ។ បន្ទាប់ពីកម្លាំងខាងលើរកឃើញថា អត់អនាម័យនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីក្រសួងពាណិជ្ជកម្ម ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមរួមមាន នគរបាលការិយាល័យនៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) សហការណ៍ជាមួយកម្លាំងនាយកដ្ឋានបញ្ញតកម្មនៃវិទ្យាស្ថានស្តង់ដារកម្ពុជា និងអាជ្ញាធរសង្កាត់ចោមចៅទី៣ ព្រមទាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក្រោមការដឹកនាំដោយលោកចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ។ចំណែកម្ចាស់ទីតាំងសិប្បកម្មនេះឈ្មោះព្រៃ សុភ័ក្រ្ត ភេទប្រុស អាយុ៣៧ឆ្នាំ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សិប្បកម្មផលិតប្រហិត មួយនេះត្រូវបានពិនិត្យឃើញថា ពុំមានលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្មឡើយ ហើយបានលើកស្លាកយីហោខុសពីលិខិតបញ្ជាក់ ជាពិសេសទៀតនោះគឺសង្វាក់ផលិតកម្មអត់មានអនាម័យ រីឯវិញ្ញាបនប័ត្របញ្ជាក់គុណភាពហួសសុពលភាព។មិនតែប៉ុណ្ណោះចំពោះ ផលិតផលប្រហិតដែលកំពុងផលិតនោះគឺមានការខុសពីផលិតផលដែលបានស្នើរសុំចុះបញ្ជីផលិតផល(ចបផ) ហើយផលិតផលសរុបចំនួន៨ប្រភេទពុំបានបិទ(ច.ប.ផ)លើសំបកវិចខ្ចប់ឡើយ។

សមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថា ក្រៅពីនេះកម្លាំងបាន ពិនិត្យឃើញវត្ថុធាតុដើមសម្រាប់ផលិតមានដូចជា សាច់ជ្រូក សាច់គោកិនរួច ម្សៅឆាប៊ីចេង ស្ករសប្រហែល៧តោន ។ដង្កៀបក្ដាមចំនួន១៨កេសស្មើរនឹង១៨០គីឡូក្រាម កោះមាន់ចំនួន៥កេសស្មើរនឹង៦០គីឡូក្រាម បង្គារចំនួន១៧កេសស្មើរនឹង១៨០គីឡូក្រាម ។ប្រហិតសាច់ជ្រូកចំនួន១៥ធុង ស្មើរនឹង៤,៥០០គីឡូក្រាម ប្រហិតសាច់គោចំនួន១៦ធុងស្មើរនឹង៤,៨០០គីឡូក្រាម ប្រហិតចម្រុះចំនួន២០០ថង់ស្មើរនឹង១,០០០គីឡូក្រាម ស្លាបមាន់ចំនួន១៩កេសស្មើរនឹង២៨០គីឡូក្រាម សាច់ក្របីចំនួន១៤កេសស្មើរនឹង៦០គីឡូក្រាម។ម៉ាសុីនវាយសាច់ ម៉ាសុីនកិនសាច់ ម៉ាសុីនលុញប្រហិតនិងម៉ាសុីនកម្ដៅប្រហិតជាដើម។

ក្រោយពីការពិនិត្យរួចកម្លាំងសម្រេចបិទផ្អាកដំណើរការផលិតជាបណ្ដោះអាសន្ននិងតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺមុខសមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ហើយកម្លាំងដកហូតយកសំណាកផ្សេងៗទៅដើម្បីធ្វើការពិនិត្យនិងពិសោធន៍នៅការិយាល័យ(គបផក)៕