About Me

header ads

កម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក



នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល រួមជាមួយនឹងតំណាងស្ថាប័ន និងក្រុមហ៊ុនដែលជាដៃគូសហការ នៅហាងHard Rock Cafe សាខា Exchange Square Phnom Penh។  កម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញប័ណ្ណសមាជិកភាពទម្រង់ថ្មីដែលរចនាយ៉ាងពិសេសប្រកបដោយភាពទាក់ទាញសម្រាប់ផ្តល់ជូនដល់សមាជិក សមាជិកា រួមជាមួយនឹង កម្មវិធី App ស.ស.យ.ក. ដែលនឹងក្លាយជាបណ្តាញទំនាក់ទំនងថ្មីមួយដែលមានមុខងារផ្សេងៗបម្រើអត្ថប្រយោជន៍ដល់សមាជិក សមាជិកា ដែលជាអ្នកប្រើប្រាស់។
សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមគំនិតឱ្យមានការរៀបចំជាប័ណ្ណសមាជិកភាពទម្រង់ថ្មី និងកម្មវិធី «App» ស.ស.យ.ក. នេះឡើងក្នុងគោលបំណង៖ (១)  ដើម្បីថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការចូលរួមឥតស្រាកស្រាំរបស់សមាជិក សមាជិកា គ្រប់ៗរូប ដែលបានខិតខំប្រឹងប្រែងរួមគ្នាលើដំណើរបេសកកម្មក្នុងបុព្វហេតុជាតិ មាតុភូមិកន្លងមក និងទៅអនាគត (២) ផ្តល់ជាវេទិកាថ្មីមួយដែលផ្សារភ្ជាប់យុវជន សមាជិក សមាជិកា ស.ស.យ.ក. ទៅនឹងដំណើរវិវត្តនៃបច្ចេកវិទ្យា ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤  និង(៣) បង្ហាញពីមោទនភាពរបស់ក្រុមគ្រួសារ ស.ស.យ.ក. ចំពោះអតីតកាល និងសមិទ្ធផលរបស់ខ្លួននាពេលកន្លងមក និងការបោះជំហានទៅអនាគត ជាមួយទំនើបភាពបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងអនាគតប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។


ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ ផើ្តមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាជំរុញការចូលរួមរបស់យុវជនគ្រប់រូប គ្រប់ស្រទាប់ គ្រប់និន្នាការ ក្នុងសកម្មភាពការងារសង្គម និងមនុស្សធម៌ ជាពិសេសកិច្ចការងារស្ម័គ្រចិត្តក្នុងបុព្វហេតុជាតិ មាតុភូមិ។ មានប្រសាសន៍ក្នុងកម្មវិធី ឯក ឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានយកឱកាសនេះថ្លែងអំណរគុណដល់សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក.ទូទាំងប្រទេស ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ « កិត្តិនាម ការទទួលស្គាល់ និងភាពភាពជោគជ័យរបស់ ស.ស.យ.ក. គឺកើតចេញពីការចូលរួមរបស់សមាជិក សមាជិក ស.ស.យ.ក គ្រប់ៗរូប ក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន មកចូលរួមជាមួយគ្នាសម្រេចនូវស្នាដៃមួយដែលកើតចេញពីការស្ម័គ្រចិត្ត ជាពិសេសការរួមដំណើរជាមួយគ្នា ក្នុងបេសកកម្ម បុព្វហេតុជាតិ មាតុភូមិកន្លងមក និងទៅអនាគត»។
សូមជម្រាបជូនថា បណ្ណ័សមាជិកភាព ស.យ.យ.ក. ដែលបានដាក់ឱ្យដំណើរការនេះ គឺជាប័ណ្ណសមាជិកភាពដំបូងគេ នៃអង្គការ/សមាគម ដែលមានទម្រង់ជាប័ណ្ណសម្គាល់ខ្លួនផង និងជាប័ណ្ណដែលអាចបម្រើឱ្យការទូរទាត់ចំណាយនានាផងដែរ។ លើសពីមុខងារជាប័ណ្ណផ្លូវការសម្រាប់សម្គាល់នូវអត្តសញ្ញាណរបស់សមាជិក សមាជិកាផ្ទាល់ ប័ណ្ណសមាជិកភាពនេះត្រូវបានរចនាឡើងជាទម្រង់ Pre-Paid UNIONPAY Card ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចប្រតិបត្តិការសម្រាប់ការទិញទំនិញនានា នៅបណ្តាហាងទំនិញ ភោជនីយដ្ឋាន ដែលជាដៃគូរសហការជាមួយនឹងការបញ្ចុះតម្លៃតាមលក្ខខណ្ឌដែលបានកំណត់។  ដោយឡែក សម្រាប់កម្មវិធី App ស.ស.យ.ក. នឹងជួយសម្រួលដល់សមាជិក សមាជិកាទាំងអស់ ក្នុងការភ្ជាប់ទំនាក់ទំនងជិតស្និតរវាងគ្នា និងគ្នា ក្រោមស្មារតីជាគ្រួសារតែមួយ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការប្រឹក្សាយោបល់ ការចែករំលែកពីសកម្មភាព និងព្រឹត្តិការណ៍នានា នៅលើផ្ទាំងព័ត៌មានរបស់កម្មវិធី App ស.ស.យ.ក ផ្ទាល់តែម្តង។ ទន្ទឹមនេះ តាមរយៈកម្មវិធី App ស.ស.យ.ក. នេះផងដែរ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់   ឧអាចពិនិត្យរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់គណនី UYFC Pre-Paid UNIONPAY Card របស់ខ្លួន។  លើសពីនេះទៅទៀត តាមរយៈកម្មវិធី App  នេះដែរ នឹងអនុញ្ញាតឱ្យមហាជន ជាពិសេសយុវជនដែលមានបំណងចូលរួមជាសមាជិក ស.ស.យ.ក. អាចចុះឈ្មោះបានតាមទម្រង់ជាប្រព័ន្ធអនឡាញ ដែលនេះជាយន្តការថ្មីមួយសម្រាប់ ស.ស.យ.ក. ក្នុងការរៀបចំពន្លឿនការធ្វើបច្ចុប្បន្នភាព និងសម្រួលការចុះឈ្មោះសមាជិកថ្មី។









ពាក់ព័ន្ធនឹងការបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក   ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកការងាររៀបចំបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក  បានមានប្រសាសន៍ថា៖ «ការបញ្ចូលសមាជិកភាពសម្រាប់ប្រព័ន្ធថ្មីនេះ នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់តាមកាលបរិច្ឆេទ តាមគោលដៅរាជធានីខេត្តនិមួយៗ។ ថ្ងៃនេះគឺគ្រាន់តែជាការចាប់ផ្តើម និងធ្វើការសាកល្បងមួយកម្រិត ហើយជាបន្តបន្ទាប់ សមាជិក សមាជិកាទូទាំងប្រទេសនឹងបានចូលរួមគ្រប់ៗគ្នា។»
គួរបញ្ជាក់ផងដែរថាសហភាពសហព័ន្ធយុវជនកម្ពុជា គឺជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជាដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ជាមួយនឹងសកម្មភាព និងសមិទ្ធផលដែលសម្រេចបានជាបន្តបន្ទាប់  ស.ស.យ.ក. បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការចូលរួមរបស់យុវជន ដោយប្រកាន់ភ្ជាប់នូវសច្ចៈធម៌ ប្រវត្តិសាស្ត្រ ដែលយុវជនជំនាន់ក្រោយអាចស្វែងយល់ច្បាស់ពីពលិកម្មគ្រប់បែបយ៉ាងរបស់អតីតយុវជនជំនាន់មុន ក្នុងការការស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និងទាំងជីវិត ប្រកបដោយស្មារតីសាមគ្គីភាព និងឯកភាព ដើម្បីបុព្វហេតុរួមរបស់កម្ពុជា។ ក្នុងដំណើរឆ្ពោះទៅមុខក្នុងបរិបទថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០  ស.ស.យ.ក. នឹងបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសមត្ថភាពយុវជន យុវនារីកម្ពុជា ទាំងស្មារតី ចំណេះដឹង និងជំនាញ ដើម្បីក្លាយជាយុវជនដ៏ឆ្នើម ជាធនធានពោរពេញទៅដោយសមត្ថភាពអាចប្រកួតប្រជែងក្នុងឆាកអន្តរជាតិ និងអាចរួមគ្នាពង្រឹងកិត្យានុភាពកម្ពុជានៅកម្រិតតំបន់ និងពិភពលោក។ ជាក់ស្តែង ការរៀបចំប័ណ្ណសមាជិកភាពថ្មី និងការបង្កើតកម្មវិធី “App” ស.ស.យ.ក. នេះឡើង ក៏ជាការចូលរួមចំណែក ដ៏សំខាន់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងធនធានមនុស្សដែលមានជំនាញមធ្យម និងកម្រិតខ្ពស់ ហើយមានសមត្ថភាពនៅក្នុងការ ប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីទាញយកផលប្រយោជន៍ពីកាលានុវត្តភាពនានាក្នុងបរិបទដិវត្តន៍ឧស្សាហកម្ម៤.០។

អត្ថបទដោយ សុខ ហេង