About Me

header ads

ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរីផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត សារាចរសុវត្ថិភាពរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ

ខេត្តរតនគិរី៖ សិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត" និងវគ្គបណ្តុះបណ្តាលស្តីពី "ហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ"   និងវគ្គបណ្តុះបណ្តាលស្តីពី ហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរី។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានក្រសួងរ៉ែ និងថាមពល ប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០នៅសណ្ឋាគាររតនៈសុីធីខេត្តរតនគិរីក្រោមអធិបតីភាព ឯកឧត្តម សុខ ខាវ៉ាន់រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។

 មានគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រង និង ប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយអ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាត។

 ពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែនិងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាព ងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន។

 ឯកឧត្តមសុខ ខាវ៉ាន់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពលបានលើកឡើងថាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទោះជាក្រសួងមានបទបញ្ញត្តិប្រេងកាតឆ្នាំ១៩៩១ និងសារាចរស្ដីពីសុវត្តិភាពសម្រាប់ការរៀបចំ ស្ថានីយប្រេង ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ប៉ុន្តែលិខិតបទដ្ឋានគតិយុត្តិទាំងនេះពុំ ទាន់មានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុញ្ញាតឲ្យក្រសួងរ៉ែ និងថាមពល បំពេញការងារបានពេញលេញនៅឡើយទេ។

 ចំណែកបងប្អូនអាជីវករ និងអាជ្ញាធរពាក់ព័ន្ធក៏មានការលំបាក និងមានភាពមិនទាន់ច្បាស់លាស់ ក្នុងការប្រកបអាជីវកម្ម និងអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធវិស័យប្រេងកាត និងឧស្ម័ននេះឲ្យមានភាពអនុលោម ទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផងដែរ ។

ឯកឧត្តមបន្តថាឥឡូវនេះ គឺជាការបើកសករាជថ្មី ដោយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ រួចហើយ យោងតាមវដ្តបញ្ញត្តិ នៃច្បាប់ថ្មីនេះក្រសួង បានចាត់តាំងមន្ត្រីអធិការកិច្ចប្រេងកាត ដោយមាន សមាសភាពមន្ត្រីពីអគ្គនាយកដ្ឋានប្រេងកាត និងមន្ទីររាជធានីខេត្ត ដែលនឹងត្រូវផ្ដល់នីតិសម្បទាជានគរបាលយុត្តិធម៌។

 លើសពីនេះក្រសួងក៏បាន បង្កើតក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចក្នុងវិស័យប្រេងកាត ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួង មានតួនាទីដឹកនាំសម្របសម្រួលការងាររបស់មន្ត្រីអធិការកិច្ចប្រេងកាត ក្នុងគោលដៅដូចជា៖

-ដើម្បីពង្រឹងអនុលោមរួមមានការផ្សព្វផ្សាយអប់រំ និងបណ្ដុះបណ្ដាល

-ការពង្រឹងការអនុវត្តច្បាប់ និងទី៣ការចាត់វិធានការច្បាប់ រួមមានការផាកពិន័យ និងការកសាងឯកសារទៅតុលាការ

-ក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ច ក្នុងវិស័យប្រេងកាតក៏នឹងពិនិត្យផងដែរពីលទ្ធភាព នៃការធ្វើវិមជ្ឈការការងារ និងវិសហមជ្ឈការការងារ នៅថ្នាក់ក្រោមជាតិនាពេលសមស្របខាងមុខ ៕

ផង់វិន