About Me

header ads

ប្រជាពលរដ្ឋ១៥គ្រួសារ កើតទុក្ខមិនសុខចិត្តនាំគ្នាមកតវ៉ានៅមុខសាលាខេត្តប៉ៃលិន ខណៈអាជ្ញាធរស្រុកសាលាក្រៅ បង្ខំឱ្យរុះរើផ្ទះចេញពីដីដែលខ្លួនធ្លាប់រស់នៅ តែគ្មានដំណោះស្រាយ ព្រោះចោទថា សង់លើដីចំណីផ្លូវ

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាទៅតវ៉ាសុំអន្តរាគមន៍ សូមឲ្យលោកអភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល ជួយសម្រួលដល់ពួកគាត់ចំពោះករណីអាជ្ញាធរស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះរុះរើផ្ទះសម្បែង ដែលសាងសង់លើចំណីផ្លូវ ស្ថិតនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដាក់កំណត់ត្រឹមថ្ងៃទី១៤ ខែកក្តដាឆ្នាំ២០២០ ជាកំហិត ។

បើតាមប្រភពពីប្រជាពលរដ្ឋទាំង១៥គ្រួសារ បានលើកឡើងថា ដីខាងលើនេះ គឺពួកគាត់រស់នៅជិត២០ឆ្នាំមកហើយ ដោយទិញពីគេតៗគ្នា រួចបានសាងសង់ផ្ទះរស់នៅរហូតមកដល់សព្វថ្ងៃនេះតែម្តង ។ ហើយបើខាងអាជ្ញាធរដេញពួកគាត់ចេញពីកន្លែងនោះតើឲ្យគាត់ទៅនៅរស់នៅជួបជុំប្រពន្ធកូនឯណា ព្រោះពួកគាត់គ្មានដីធ្លីផ្សេងទៀតនោះទេ ។ ម្យ៉ាងវិញទៀតពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋក្រីក្រជាកម្មករដើរស៊ីឈ្មួលគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះសឹងតែដាច់បាយក៍មាន ខណៈជម្ងឺកូវីដកំពុងវាយប្រហារ ។

ប្រជាពលរដ្ឋទាំងអស់ ក៍សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយរកដំណោះស្រាយជូនពួកគាត់ផង ដោយព្រោះពួកគាត់គាំទ្រ និងជឿជាក់តែលើសម្តេចតេជោ ហ៊ុនសែន ដែលកន្លងមកតែងតែជួយប្រជាពលរដ្ឋជាកូនចៅដែលជួបទុក្ខលំបាក ឲ្យបានធូរស្បើយ ។

ក្រោយពីមានការសម្របសម្រួលពីលោក ចេង ញ៉ាន់ អភិបាលរងខេត្តដោយឲ្យប្រជាពលរដ្ឋរស់នៅបន្តទៀតរង់ចាំខាងរដ្ឋបាលខេត្តត្រៀមរកដីមួយកន្លែង ដើម្បីឲ្យពលរដ្ឋទាំង១៥គ្រួសារ ទៅរស់នៅទីនោះដោយមួយគ្រួសារទទួលបានដីទំហំ៥x២០ម៉ែត្រ ។

ចំណែកប្រជាពលរដ្ឋភាគច្រើនទទួលយកការដោះដូរដីនេះ តែរង់ចាំសប្តាហ៍ក្រោយ បន្ទាប់ពីកំណត់ទីតាំងច្បាស់លាស់ផងដែរ ៕

ដោយ ៖ នីយ៉ា