ខេត្តត្បូងឃ្មុំរបូតពានសម្តេចតេជោថ្នាក់ខេត្តទៅក្រុមខេត្តព្រៃវែងក្រោយប្រយុទ្ធគ្នាអស់ពេញ៩០នាទីលើទីលាន

ក្រុមការពារតំណែងជើងឯកពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត គឺក្រុមខេត្តត្បូងឃ្មុំ បានរបូតពានទៅដល់ដៃក្រុមខេត្តព្រៃវែងក្រោយបរាជ័យដោយលទ្ធផលបច្ចេកទេស 1-0។


សម្រាប់ជ័យជម្នះដ៏ធំធេងមួយនេះកើតចេញពីការខំប្រឹងអស់កម្លាំងកាយចិត្តពីកីឡាករទាំងអស់ក្នុងក្រុម ពិសេស កីឡាករ វុធ តុលា ដែលជាអ្នករកគ្រាប់បាល់ឲ្យខេត្តរបស់ខ្លួនបានសម្រេចនៅនាទី៤៩។ ទោះយ៉ាងនេះក្តី ទម្រង់លេងរបស់ក្រុមខេត្តត្បូងឃ្មុំនៅតែល្អដោយពួកគេមានស្ថិតិក្នុងការបង្កើតឱកាសរកគ្រាប់បាល់ច្រើនជាងគូប្រកួត។ នៅថ្ងៃជាមួយគ្នានោះដែរ ក្រុមខេត្តកែបបានយកឈ្នះខេត្តសៀមរាប 3-0 ដណ្តើមបានចំណាត់ថ្នាក់លេខ៣ផងដែរ។


សូមបញ្ជាក់ថា ក្រុមម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោថ្នាក់ខេត្តលើកទី១៤ ឆ្នាំ២០២០នេះទទួលបានប្រាក់ជ័យលាភីចំនួន ១៥លានរៀល។ សម្រាប់ក្រុមទាំង៤ដែលបានពុះពារមកដល់វគ្គនេះក៏ទទួលបានកៅអីឡើងទៅប្រកួតជម្រុះថ្នាក់ជាតិជាមួយក្រុមទាំង១២នៅក្របខណ្ឌលីគកំពូលកម្ពុជាផងដែរ។ សូមរំលឹកថា កាលពីរដូវកាលឆ្នាំ២០១៩កន្លងទៅ ក្រុមខេត្តត្បូងឃ្មុំគឺជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោថ្នាក់ខេត្តក្រោយយកឈ្នះខេត្តសៀមរាប 1-0 ខណៈដែលក្រុមបឹងកេតគ្រងជើងឯកពានរង្វាន់សម្តេចតេជោថ្នាក់ជាតិក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀងដោយបាល់ប៉េណាល់ទីកាត់សេចក្តី។ ដូច្នេះក្នុងឆ្នាំនេះយើងរកឃើញម្ចាស់ជើងឯកថ្នាក់ខេត្តរួចហើយ ចាំមើលថាតើក្រុមណាមួយនឹងក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិវិញម្តង?