អាជ្ញាធរខេត្តប៉ៃលិន រៀបចំតុបតែងថែទាំ និងដាំដើមផ្កាបន្ថែម នៅសួន កុមារ និងមុខសាលាខេត្ត ដើម្បីបង្កើនសោភ័ណភាពសាធារណៈ

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ រៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែលម្អ ថែទាំ ព្រមទាំងដាំដើមផ្កាបន្ថែមនៅសួនកុមារ និងមុខសាលាខេត្ត ដើម្បីរក្សាអនាម័យ និងបង្កើនសោភ័ណភាពសាធារណៈក្នុងទីក្រុង ។



ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ៖ បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំដើមផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនា សម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
 ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត មិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព ។




សូមបញ្ជាក់ថា៖ បច្ចុប្បន្នអាជ្ញាខេត្តប៉ៃលិន បានយកដើមផ្កា ដែលមានអាយុចាប់ពី២-៣ឆ្នាំ ឡើងទៅ មកដាំ មានដូចជា ៖ ដើមផ្កាសាគូរ៉ា និងដើមផ្កាជើងគោជាដើម ដើម្បីឆាប់ទទួលបានលទ្ធផល និងឆាប់បានបង្ហាញសោភ័ណភាពសាធារណៈក្នុងខេត្ត ៕ ដោយ ៖ នីយ៉ា