About Me

header ads

កម្មការិនីម្នាក់ខណៈកំពុងឈប់រង់ចាំភ្លើងស្តុបខៀវស្រាប់តែត្រូវរថយន្តដឹកទំនិញទៅដល់បុកពីក្រោយស្លាប់

ភ្នំពេញ៖ ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ពេលដែលគាត់ជិះម៉ូតូ១គ្រឿងទៅដល់ចំណុចភ្លើងស្តុបមួយកន្លែងភ្លើងបានលោតពណ៍ក្រហម លុះពេលគាត់កំពុងឈប់រង់ចាំភ្លើងស្តុបលោតខៀវ ក៏ស្រាប់តែមានរថយន្តដឹកទំនិញ១គ្រឿងទៅដល់បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តនោះកិនបែកក្បាលស្លាប់ភ្លាមៗតែម្ដង។



ឧប្បត្តិហេតុនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៦នឹង៤០នាទីព្រឹកថ្ងៃទី ០៦ ខែកក្កដាឆ្នាំ ២០២០ នៅត្រង់ចំណុចភ្លើងស្តុបផ្សារ ថ្នល់បត់ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។សពជនរងគ្រោះឈ្មោះ ម៉ែន ចន្ធូ ភេទ ស្រីអាយុ៣៦ស្នាក់នៅផ្លូវ៦០Aផ្លូវលំភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែករថយន្តបង្កម៉ាកហុីយ៉ាដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4273 បេីកបរដោយបុរសម្នាក់ឈ្មោះ ស៊ុន សុង អាយុ៣៧ឆ្នាំ​ មុខរបរបេីកបររថយន្ត មានទីលំនៅក្នុងភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ត្រូវនគរបាលឃាត់ខ្លួន។



តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់នោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ125 ស៊េរី 2015 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1DH-3064ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងមកជើង។ខណៈមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងស្តុបលោតពណ៍ខៀវ ស្រាប់តែត្រូវរថយន្តដឹកទំនិញមួយគ្រឿងខាងលើ បើកបរលឿនក្នុងទិសដៅស្របគ្នាទៅដល់ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។



ក្រោយពេលកើតហេតុអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបន្ទាប់មកកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ និងប្រគល់សាកសពឲ្យសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕