ជនសង្ស័យ៣នាក់ត្រូវនគរបាលឃាត់ខ្លួនក្រោយកាប់និងវាយយុវជនម្នាក់ប្លន់យកម៉ូតូ១គ្រឿង

ភ្នំពេញ៖នគរបាលខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលបានធ្វើសកម្មភាពដេញកាប់និងវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជនម្នាក់ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ក នៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។



នគរបាលបានប្រាប់ថា ជនសង្ស័យខាងលើទី១, ឈ្មោះ គិ ឆានី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ទី២,ឈ្មោះ ហាន ដានី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ទី៣,ឈ្មោះ ខេង វ៉ាន់ដេត ហៅ ហេង វ៉ាន់ដេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ពួកនេះបានប្លន់យកម៉ូតូ១គ្រឿងស៊ុយហ្ស៊ុយគីម៉ាកនិច ពណ៌ស ខៀវ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HB-4135 ពីជនរងគ្រោះឈ្មោះ បុណ្យ បាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។


ប្រភពដដែលបានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងតាមផ្លូវក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល ស្រាប់តែក្រុមជនសង្ស័យបានចេញទៅធ្វើសកម្មភាពកាប់និងវាយប្លន់យកម៉ូតូបានសម្រេចហើយជិះរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍។ក្រោយមកកម្លាំងនគរបានខណ្ឌកំបូលបានចេញបានចុះទៅធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់រួចនាំយកទៅសាកសួរ លុះដល់ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ទើបបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់ក្រោយពីបានកសាងសំណុំរឿងរួចរាល់៕