About Me

header ads

មន្រ្តីមន្ទីរជំនាញកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះចាក់ថ្នាំសត្វពាហនៈរបស់ជូនប្រជាកសិករស្រុកតាលោសែនជ័យ បង្ការជំងឺសារទឹក

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ សត្វពាហនៈ(គោក្របី)ចំនួន ៣៨៧ក្បាល របស់ប្រជាកសិករ ស្ថិតនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវបានចាក់ថ្នាំបង្ការ(វ៉ាក់សាំង)ដើម្បីការពារជំងឺសារទឹក ដោយឥតគិតថ្លៃ ។

 ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក្នុងគោលបំណងបង្ការជំងឺរាតត្បាតផ្សេងៗ នារដូវវស្សានេះ ពីព្រោះសត្វពាហនៈ គឺជាកម្លាំងអូសទាញដ៏មានសារសំខាន់របស់បងប្អូនប្រជាកសិករ។

 ពិធីខាងលើធ្វើក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, អាជ្ញាធរស្រុក.ឃុំ.ភូមិ.មន្រ្តីបសុពេទ្យនៃមន្ទីរជំនាញ និងប្រជាកសិករជាច្រើនគ្រួសារ។

 បើតាមរបាយការណ៍របស់លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានឱ្យដឹងថា ស្រុកតាលោសែនជ័យ មានឃុំចំនួន២ ស្មើនឹងចំនួន ៣៥ភូមិ ភ្នាក់ងារសុខភាពសត្វភូមិមានចំនួន ២៦នាក់ ក្នុងនោះឃុំផ្ទះរុង ១៣នាក់។ ស្ថិតិគោក្របីក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មានចំនួន១២,៩៥៩ក្បាល ដោយឡែកក្នុងឃុំផ្ទះរុង មានសត្វពាហនៈសរុប ៣,៧២១ក្បាល(ក្របី៤១០ក្បាល) និងមានកន្លែងចិញ្ចឹមគោតាមបច្ចេកទេស ០១កន្លែង។ ជាក់ស្តែងនាថ្ងៃនេះ ក្រុមការងារបានចុះផ្សព្វផ្សាយ ដើម្បីកំណត់យកទីតាំងខាងលើ ធ្វើការបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ១០៥គ្រួសារ ដែលមានសត្វគោក្របី សរុបចំនួន៣៨៧ក្បាល ដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាតដឹកនាំចាក់ផ្ទាល់។

 លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាការពារសត្វរបស់ខ្លួន ដោយរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារពេទ្យសត្វភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមាន ចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។ លោកបានណែនាំដល់បងប្អូនប្រជាកសិករ គួរតែកែប្រែពីការចិញ្ចឹមគោជាលក្ខណៈគ្រួសារ មកជាពាក់កណ្តាលឧស្សហកម្មវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ធានាបានទាំងគុណភាព សុវត្ថិភាព និងអនាម័យ។ លោក ពន្យល់ពីគុណប្រយោជន៍នៃការបង្កាត់ពូជសិប្បនិម្មិត ដែលក្នុងនោះមានទាំងចំណេញពេល និងកម្លាំងពលកម្មអត្រានៃការបង្កកំណើតខ្ពស់ និងកាត់បន្ថយជំងឺឆ្លង។ ក្រៅពីការងារចិញ្ចឹមសត្វ លោកប្រធានការិយាល័យ បានជំរុញការធ្វើឡជីវឧស្មន័តាមគ្រួសារ ដែលវាអាចសន្សំប្រាក់ សន្សំពលកម្ម សន្សំពេលវេលា សម្រាលការងារផ្ទះ មានសុខភាពល្អ កាត់បន្ថយការបំផ្លាញព្រៃឈើ ផ្ទះសម្បែងស្អាត ការពារបរិស្ថាន កាត់បន្ថយឧស្មន័ផ្ទះកញ្ចក់ ៕



ដោយៈ បុឹម ពិន