About Me

header ads

ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ នាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤ វត្ត ក្នុងស្រុកអូរាំងឳ

( ត្បូងឃ្មុំ ):
ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម រ័ត្ន  វិរ:  អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ស្រុកអូររាំងឳ និងសហការីទាំងអស់ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន ៤ រួមមានវត្តនទីបព្វតារាម (វត្តថ្មីលើ), វត្តព្រះធាតុ បាស្រី, វត្តសុវណ្ណគីរី  (ហៅវត្តស្ទឹងអង្កាញ់)  និងវត្តកថាវត្ថុមន្តារាម (ហៅវត្តទួលឃ្លាំង) ស្ថិតនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ  ខេត្តត្បូងឃ្មុំ ។



ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
ឯកឧត្តមបានបន្តថា សម្រាប់ទំនៀមទម្លាប់តៗរៀងមក ការបូជាទៀនវស្សាគឺជាផ្នែកមួយ នៃការគោរពរបស់ពុទ្ធបរិស័ទ ដើម្បីរំលឹកនឹកទៅដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោត្តម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ប្រគេនចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ។


ឯកឧត្តមបន្ថែមថា ទាំងនេះជាទំនៀមទម្លាប់មួយដ៏ល្អតាំងពីបុរាណកាលមក ដែលបង្ហាញពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការដង្ហែនិងនាំយកនូវទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿសាសនាចាប់យកនូវកុសលផលបុណ្យរៀងៗខ្លួន ។ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ (COVID-19) ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងនៅឡើយ ។


ចំពោះទៀនព្រះវស្សា ទេសយ្យទាន ទេយ្យវត្ថុ ទងនោះរួមមាន ក្នុង ១វត្តទទួលបាន ទៀនព្រះវស្សាចំនួនមួយគូរ អង្ករ មី ប្រេងឆារ ស្ករស អំបិល ទៀន ធូប ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ផ្លែឈើ និងថវិការមួយចំនួន ព្រមទាំងជូនប្រជាពលរដ្ឋចំនួន ៥០ នាក់នូវថវិការ និងសៀវភៅច្បាប់ក្រុមង៉ុយម្នាក់ ១ ក្បាលផងដែរ ៕