About Me

header ads

រថយន្តបែនដឹកខ្សាច់បើកបុករះចូលផ្ទះខូចសំយ៉ាប៣ល្វែង រួមជាមួយម៉ូតូនិងម៉ូតូកង់បីផងដែរ

ភ្នំពេញ៖ រថយន្តប្រភេទបែនដឹកខ្សាច់មួយគ្រឿងខណៈកំពុងបើកបរលឿនស្រាប់តែរេចង្កូតជ្រុលទៅបុករះចូលផ្ទះលក់ដូរ៣ល្វែង បណ្ដាលឲ្យបាក់ខ្ទេចសំយ៉ាបនិងឥវ៉ាន់ រួចជ្របន្តទៅបុកម៉ូតូម៉ាកគុបជ្រុង១គ្រឿងនិងម៉ូតូកង់បី១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ប៉ុន្តែជាសំណាងមិនបណ្ដាលឲ្យម្ចាស់ផ្ទះនិងម៉ូតូ ម៉ូតូកង់បីទាំងនោះរងរបួសឬស្លាប់ឡើយ គ្រាន់តែរត់ចែកផ្លូវគ្នាស្ទើរពុំរួចនិងភ័យព្រលឹងចុងសក់គ្រប់ៗគ្នាថែមទៀតផង។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។រថយន្តបង្ក ម៉ាកនីស្សាន់ បែនដឹកខ្សាច់កង់៦ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1925 បើកបរដោយយុវជនម្នាក់ ឈ្មោះប៊ុន លី អាយុជាង២០ឆ្នាំ ហើយសង្ស័យងងុយដេកទើបកើតរឿងបែបនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលម្ចាស់ផ្ទះទាំង៣ល្វែងកំពុងលក់ដូរ ហើយម៉ូតូគុបជ្រុងនិងម៉ូតូកង់បីកំពុងឈប់តាមចិញ្ចើមផ្លូវខាងលើ ស្រាប់តែរថយន្តបង្កនោះ បើកបរល្បឿនលឿនក្នុងទិសដៅ ពីត្បូងទៅជើងទៅថល់ល្មម។ខណៈនោះពុំដឹងថាមានរឿងអ្វីកើតឡើងទៅលើអ្នកបើកបរទេ ស្រាប់តែរេចង្កូតជ្រុលទៅ បុករះផ្ទះទាំងនោះយ៉ាងកម្រោល បណ្ដាលឲ្យបានរសំយ៉ាប និងខូចខាតឥវ៉ាន់រាយប៉ាយ ព្រមទាំងបាក់បង្គោលភ្លើង១ដើមទៀតផង។

ប្រភពដដែលបានបន្តទៀតថា ប៉ុណ្ណឹងហើយរថយន្នៅមិនព្រមអស់ល្បឿនឡើយ បានបន្តជ្រុលទៅបុករះម៉ូតូម៉ាកគុបជ្រុងនិងម៉ូតូកង់បីជាបន្តបន្ទាប់ទៀតរហូតផ្ទប់ជញ្ជាំងទើបឈប់ស្ងៀម ហើយម្ចាស់ផ្ទះនិងម៉ូតូ ម៉ូតូកង់បីទាំងនោះបានរត់ទាំងព្រលឹងចុងសក់។បន្ទាប់មកអ្នកបើកបរបានចេញមកពីក្នុងរថយន្តហើយនិយាយថា ដោយសារតែខ្លួនបើកគេចពីម៉ូតូ១គ្រឿងទើបបណ្ដាលឲ្យបែកកាប៉ែនរថយន្តជាន់ហ្រ្វាំងអត់សុីរួចក័បុកបែបនេះតែម្ដង។ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅទាញរថយន្តចេញរួចឲ្យភាគីទាំងអស់សម្រួលគ្នាបញ្ចប់រឿង៕