About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែទៅកាន់រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដែលជិតសម្រេចបានទៅតាមការគ្រោងទុក ១០០%

ប៉ៃលិន៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែទទឹង២០ម៉ែត្រ ប្រវែងជាង ៧គីឡូម៉ែត្រ ទៅកាន់រម្មណីយ៍ទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលជិតសម្រេចបាន ១០០% ទៅតាមផែនការគ្រោងទុក ដើម្បីផ្តល់សេវាឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅមកសាលារៀន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យសម្រេចបាន១០០% ទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា  ៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ ហើយមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕

 ដោយ ៖ នីយ៉ា