សម្តេច ហេង សំរិន អំពាវនាវប្រជាពលរដ្ឋ គោរពតាមបទបញ្ជារាជរដ្ឋាភិបាល ដោយចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩

( ត្បូងឃ្មុំ ):
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់លោកយាយ លោកតា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ។


សម្ដេចអំពាវនាវក្នុងឱកាសសម្តេចអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ១១ វត្ត នៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២០ ។
សម្តេចបន្តថា «ការឆ្លងរីករាលដាលនៃជំងឺនេះនៅលើសកលលោក ពុំទាន់មានការធូស្រាលនៅឡើយទេ ហើយក៏ពុំទាន់មានថ្នាំព្យាបាល ឬថ្នាំបង្កាឡើយ ដូចច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លង នៃជំងឺនេះដល់សហគមន៍យើង ដូចជាការរក្សាគម្លាតសង្គម ការពាក់ម៉ាស និងការលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវជាប្រចាំ» ។


សូមជម្រាបថា ពិធីចូលព្រះវស្សា គឺជាទំនៀមទំលាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ ។ ពុទ្ធបរិស័ទតែងតែនាំយកនូវទានព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេលបីខែ នៅតាមទីវត្តអារាមនានា ។


ពិធីបុណ្យចូលព្រះវស្សា មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយសង្គមខ្មែរយូរលង់មកហើយ ហើយព្រះពុទ្ធសាសនាក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលផងដែរ ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។ ទន្ទឹមនឹងការរីកចម្រើនសង្គមជាតិ វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើកកម្ពស់ជាបន្តបន្ទាប់ ។ ជាក់ស្តែង ថ្ងៃនេះក៏ដូចជារៀងរាល់ឆ្នាំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារ តែងតែអញ្ជើញនាំយកនូវទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ និងទៀនព្រះវស្សា ដើម្បីប្រគេន និងផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


ក្នុងពិធីនេះ សម្តេច និងក្រុមគ្រួសារ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ដល់វត្តចំនួន ១១ ដែលវត្តនីមួយៗទទួលបាន ទៀនព្រះវស្សា ១ គូ ទឹកក្រូច ទឹកសុទ្ធ មី ទឹកដោះគោ អង្ករ ស្កសរ រួមទាំងបច្ច័យមួយចំនួនផងដែរ ៕