នគរបាលឃាត់ខ្លួនបុរសស្បែកខ្មៅ២នាក់និងស្រ្តីខ្មែរម្នាក់ ដែលបោកលុយពីបុរសខ្មែរម្នាក់ជាង១ម៉ឺនដុល្លារ

ភ្នំពេញ៖ ជនជាតិស្បែកខ្មៅនីហ្សេរីយ៉ា២នាក់រួមជាមួយស្រ្តីជនជាតិខ្មែរម្នាក់បានធ្វើសកម្មភាពឆបោកប្រាក់ពីបុរសជនជាតិខ្មែរម្នាក់ដោយប្រើល្បិចថាពួកខ្លួនជាពេទ្យយោធាអាមេរិកកំពុងឈរជើងនៅក្នុងប្រទេសសុីរី ហើយរើសបាន ប្រអប់មួយនៅក្រោមដើមឈើដែលនៅក្នុងប្រអប់នោះមានលុយចំនួន៣,៥លានដុល្លារអាមេរិក ។

ពួកគេចង់ឲ្យជនរងគ្រោះជាអ្នកកាន់លុយដើម្បីយកមកវិនិយោគនៅនៅក្នុងប្រទេកម្ពុជា ប៉ុន្តែតម្រូវឲ្យជនរងគ្រោះផ្ញើរលុយដើម្បីរត់ការសេវាកម្មផ្សេងៗមុនសិន។ដោយសារតែមានការជឿជាក់ជនរងគ្រោះបានផ្ញើរលុយឲ្យពួកនោះជាបន្តបន្ទាប់អស់ជាង១ម៉ឺនដុល្លារ ប៉ុន្តែនៅតែពុំទាន់ទទួលបានលុយវិនិយោគនោះសោះ ចំណែកក្រុមជនសង្ស័យបានបង្ខំឲ្យផ្ញើរលុយឲ្យ១ម៉ឺនដុល្លារទៀត តែដោយមានការសង្ស័យទើបប្ដឹងឲ្យនគរបាលជួយចាប់ខ្លួនទាំង៣នាក់តែម្ដង។

ជនសង្ស័យចំនួន០៣នាក់ ទី០១ឈ្មោះ  NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៣ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពួកគេត្រូវបាននគរបាលខណ្ឌដង្កោសហការណ៍ជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបានកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមរបាយការណ៍របស់ខណ្ឌដង្កោបានឲ្យដឹងថា៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ  Favour Grace Williams ដែលដាក់ រូបមនុស្សស្រីនៅលើProfile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។

 បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិការយោធា បម្រើការងារនៅជំរុំយោធា ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបពិភាក្សាអ្វីមួយដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេ រើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះមានទឹកប្រាក់យ៉ាងច្រើនទៅដល់ ៣.៥ លាន ដុល្លារអាមេរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

ហើយឲ្យជនរងគ្រោះអ្នកទទូលុយនោះ នៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឲ្យជនរងគ្រោះផ្ញើអាសយដ្ឋានរបស់ជនរងគ្រោះទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាស័យដ្ឋានទៅឲ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយប័ត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹក ជញ្ជូនមកឲ្យជនរងគ្រោះបានឃើញជាមុនសិន ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល០៨និង០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទចូលលេខ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើលេខទូរស័ព្ទលេខ ដដែល ចូលមកលេខទូរស័ព្ទជនរងគ្រោះម្តងទៀត ប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះ ត្រូវបង់ពន្ធចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឲ្យជនរងគ្រោះផ្ញើលុយទៅឲ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ ដុល្លារអាមេរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត។

ក្រោយមកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឲ្យជនរងគ្រោះផ្ញើលុយឲ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាមេរិក)  ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ ។

លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឲ្យជនរងគ្រោះផ្ញើលុយទៅឲ្យរូបគេ ចំនួន១០០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)ថែមទៀត ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនក្រុម ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។ ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោយើងបានទៅសហការជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់រួចបាននាំទៅសាកសួរចាត់ការតាមច្បាប់៕