About Me

header ads

បង្ហាញមុខចាងហ្វាងផលិតកម្មភាពយន្តថ្មីនៅកម្ពុជាគឺជា ស្រីអូន «សម្រស់ធម្មជាតិ» ត្រៀមហក់លោតក្នុងវិស័យភាពយន្ត

លោកស្រី នួន ស៊ុន្ទរី ហៅ «ស្រីអូន» ថៅកែយីហោផលិតផលថែរក្សាសម្ភស្ស «សម្រស់ធម្មជាតិ» ពេលនេះបានសម្រេចចិត្តប្រឡូកចូលក្នុងវិស័យភាពយន្តហើយ ក្នុងនាមជាចាងហ្វាងផលិតកម្មផង និងជាតួសម្តែងផង។ អ្វីដែលកាន់តែប្លែកគឺជាស្នាដៃរឿងដំបូង ដែលស្រីអូន ត្រៀមផលិតនោះ ជារឿងបែបរន្ធត់ខ្នាតធំ ប្រមូលផ្តុំដោយតារាសម្តែងអាជីពទាក់ទាញ ក្រុមការងារ និងឧបករណ៍ថតទំនើប មិនចាញ់ផលិតកម្មក្រៅស្រុក។ ក្រុមការងារបានរៀបចំពិធីក្រុងពាលី កាលពីថ្ងៃទី០៣ កក្កដាកន្លងទៅនេះ នៅទីតាំងថតផ្ទាល់ ក្នុងក្រុងបាត់ដំបង ដែលជាទឹកដីអំណោយផលខាងសិល្បៈ និងសម្បូរទៅដោយ សំណង់ អាណានិគមចាស់ៗជាដើម។


 




ក្នុងពិធីនោះ ស្រីអូន ប្រធានចាងហ្វាងផលិតកម្មបានលើកឡើងថា៖ «ផលិតកម្មរាម» (Ream Production) លេចរូបរាងឡើងក៏ដោយសារតែចិត្តខ្ញុំស្រលាញ់វិស័យសិល្ប:ខ្លាំង ហើយលើសពីចិត្តស្រឡាញ់ ក៏យើងចង់រួមចំណែកអភិវឌ្ឃឧស្សាហកម្មភាពយន្តកម្ពុជា ដោយក្រុមហ៊ុនបានកំណត់ទស្សន:វិស័យយ៉ាងច្បាស់លាស់ថា «នាំភាពយន្តខ្មែរ ទៅកាន់ពិភពលោក»។ ហេតុដូចនេះហើយបានជាយើងសម្រេចវិនិយោគ ៥០ម៉ឺនដុល្លារ ជាការដាក់ទុនដំបូង ដោយ ចំណាយ៣០ម៉ឺនដុល្លារ លើកាមេរ៉ាថតលំដាប់ហូលីវូឌម៉ាក ARRI កុំព្យូទ័រកាត់តរូបភាព ឧបករណ៍ច្នៃសម្លេង និងសម្ភារៈ ទំនើបផ្សេងៗទៀត និងចំណាយ២០ម៉ឺនដុល្លារ លើការផលិតរឿងទី១ឡើងដែលមានចំណងជើងថា «កម្ម» រឺហៅជា ភាសាអង់គ្លេសថា «Karma»។



ចំណែកឯ Zanith ដែលជាតួឯកប្រុសក្នុងខ្សែភាពយន្តខ្នាតធំនេះវិញ សម្តែងចំណាប់អារម្មណ៍ថា៖ «ទោះបីខ្ញុំប្រឡូកក្នុង វិស័យសិល្បៈបាន៤ឆ្នាំមកហើយក្តី លើកនេះជារឿងដំបូងសម្រាប់ខ្ញុំសម្តែង សម្រាប់ចាក់នៅរោងភាពយន្ត។ ខ្ញុំពិតជាស្រឡាញ់តួអង្គប្រុសជា «វិសុទ្ធ» ដោយសារមានស្នេហ៍ស្មោះ ដែលអាចឈ្នះអ្វីគ្រប់យ៉ាង។» គួរបញ្ជាក់ដែរថា Zanith បានលេចធ្លោក្នុងវិស័យភាពយន្ត បន្ទាប់ពីជាប់ការប្រកួត Mr.United នៅប្រទេសហ្វីលីពីនក្នុងចំណោមជ័យលាភី៣រូប។



សម្រាប់កញ្ញា Bella វិញដែលចាប់អាជីពពីតារាម៉ូដែលចេញពីកម្មវិធី Khmer Super Model បានគូសបញ្ញាក់ថា៖ «កម្ម» ក៏ជាខ្សែភាពយន្តខ្នាតធំទី១ សម្រាប់នាងខ្ញុំដែរ។ នាងខ្ញុំត្រូវសម្តែងសាកដល់ទៅ៣ដង ទម្រាំបងដឹកនាំរឿងសម្រេចយក។ នាងខ្ញុំពិតជារំភើប ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយនេះ ជាពិសេសដើរតួ«មាលា» ជាតួពិសពុល ពោរពេញដោយការប្រចណ្ឌ បណ្តាលពីចិត្តស្នេហ៍តែម្ខាងទៅលើ«វិសុទ្ធ»។»




បើក្រឡេកទៅ លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿងវិញ លោកមានប្រសាសន៍ថា៖ «ចំពោះដំណើរការផលិតរឿង «កម្ម» ក្រុមការងារមានការសម្អិតសម្អាងពិសេសលើការតុបតែងឆាក ការរចនាសម្លៀកបំពាក់ ការផាត់មុខ បច្ចេកទេសថត និង រចនាសម្លេង បច្ចេកទេសរចនា Visual Effects និងបច្ចេកទេសថតបូកផ្សំជាមួយបច្ចេកទេសពន្លឺ។ ជាពិសេសយើង ប្រើកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI  ចុងក្រោយគេ ដែលជួយលើកគុណភាព រូបភាពបានកម្រិតខ្ពស់ ដែលធ្វើឱ្យយើងមានភាពងាយស្រួលកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ នៅកំឡុងពេលប្រើប្រាស់បច្ចេកទេសកាត់ត ដែលក្រុមបច្ចេកទេសរចនារូបភាពយើងចង់បាន ក្នុងការធ្វើឱ្យគុណភាពរូបភាព និងសម្លេងរបស់រឿងនេះកាន់តែប្រណីត។ បូកផ្សំជាមួយក្រុមការងារដែលមានគុណភាពនិងបទពិសោធន៍ វាកាន់តែធ្វើឱ្យ សង្វាក់ផលិតកម្មយើងប្រព្រឹត្តទៅតាមស្តង់ដាផលិតមួយដែលជួយលើកកំពស់គុណភាពកុនខ្មែរយើងទៅដល់កម្រិតខ្ពស់។ នេះជាការលើកឡើងត្រួសៗរបស់សមិទ្ធិករយើងដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលភាពយន្ត ទាំងក្នុងស្រុក និងក្រៅ ស្រុកដូចជានៅជប៉ុន និងកូរ៉េ។


ដូច្នេះសូមទស្សនិកជនទាំងអស់កុំភ្លេចតាមដាន ដំណើរការផលិតរឿង «កម្ម» តាមបណ្តាញព័ត៌មាន និងអនឡាញ រហូត ដល់ថ្ងៃចាក់បញ្ចាំង។ តាមតម្រុយខ្លះៗពី«ដានស៊ីងរ៉េន» ដែលជាក្រុមហ៊ុនចែកចាយរឿង«កម្ម»នេះ បើស្ថានភាព អំណោយផល ខ្សែភាពយន្តខ្នាតធំរន្ធត់១នេះ នឹងបង្ហាញជូនទស្សនិកជន នៅគ្រប់រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ។



សង្ខេបរឿង
អ្វីៗចាប់ផ្តើមឡើង នៅភូមិគ្រឹះ១នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាងវិសុទ្ធ និងលំអងឈានដល់គម្រួប ១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង។ នាងលាន់មាត់ ជាចុងក្រោយថា៖ «ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត»។ ប៉ុន្តែ ក្រោយពីវត្តមានមាលា ដែលជាប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអងមានអាការៈប្លែក រហូតត្រូវស្លាប់ដោយ អាថ៌កំបាំង។