About Me

header ads

នគរបាលកំពុងត្រៀមបញ្ជូនស្រ្តីដែលអារមុខក្មេងស្រីទៅតុលាការខណៈក្រុមគ្រួសារក្មេងស្រីទាមទារសំណង១០ម៉ឺនដុល្លារ

ភ្នំពេញ៖ យោងតាមនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងនាវេលារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថាបានធ្វើការសាកសួរនិងកសាងសំណុំរឿង លើស្រ្តីជនដៃដល់ដែលបានយកកាំបិតអារមុខក្មេងស្រីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះរួចរាល់អស់ហើយនិងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ។ប៉ុន្តែពុំទាន់ដឹងថាត្រូវបញ្ជូនទាន់នៅថ្ងៃនេះឬថ្ងៃស្អែកទី១៨ ខែកក្កដានោះឡើយ អាស្រ័យលើការចុះហត្ថលេខាលើសំណុំរឿងពីសំណាក់មេកើយរួចរាល់តែប៉ុណ្ណោះ។ចំណែកឯក្រុមគ្រួសារក្មេងស្រីរងគ្រោះឯណោះវិញ បានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារសំណងពីជនដៃដល់នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

សូមបញ្ជាក់ផងដែរថា ស្រ្តីដៃដល់ខាងលើឈ្មោះលីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ មានប្ដីជាមន្រ្តីយោធា និងមានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ស្រ្តីរូបនេះក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការចាប់ខ្លួនភ្លាម ក្រោយពេលធ្វើសកម្មភាពយកកាំបិតអារមុខក្មេងស្រីម្នាក់ឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំមានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម បណ្ដាលឲ្យរងរបួសផ្ទៃមុខ ច្រចុះ ក និងដៃ។ទង្វើនេះត្រូវបានមហាជនថ្កោលទោសយ៉ាងខ្លាំងនិងសូមឲ្យដាក់ទោសស្រ្តីនេះឲ្យខ្លាំងក្លាសមទៅនិងអំពើព្រៃផ្សៃរបស់គាត់។

នៅវេលាយប់ថ្ងៃកើតហេតុគេសង្កេតឃើញអាជ្ញាធរខណ្ឌនិងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យទាំងយប់ និងបានឧបត្ថម្ភថវិកាចំនួន៧៥០ដុល្លារ។ លោកឧកញ៉ឌួង ឆាយ ក៏បានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យដែរ និងបានឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លារព្រមទាំងធានាថានៅពេលដែលក្មេងស្រីរូបនេះជាលោកនិងបញ្ជូនទៅអ៊ុតមុខនៅប្រទេសថៃឬប្រទេសកូរ៉េ រីឯអ្នកស្រីទ្រី ដាណា និងស្វាមី ក៏បានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យនៅថ្ងៃបន្ទាប់ បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារផងដែរ ដោយឡែកលោកប្រធានមន្ទីរពេទ្យកុមារជាតិក៏បានជួយព្យាបាលដោយមិនគិតប្រាក់ឡើយ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រនិង១៥នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកភូមិបាននិយាយថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់ស្រ្តីដែលជាជនដៃដល់ខាងលើបាន រើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះ ហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ បណ្ដាលឲ្យត្រូវក្បាលរងរបួសបែករយះដេរ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរូបនោះក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ បន្ទាប់មក្មេងស្រីរូបនោះអត់ហ៊ានដើរលេង២ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ទើបហ៊ានចេញដើរលេងហើយដើរកាត់មុខផ្ទះស្រ្តីដៃដល់រូបនោះ ក៏ត្រូវបានស្រ្តីនេះស្ទុះចូលទៅចាប់ក្រកៀក យកកាំបិតទើបនិងទិញថ្មីៗដើម្បីអារកសម្លាប់ចោល ។ប៉ុន្តែពេលនោះក្មេងស្រីរងគ្រោះបានស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះឆូតមុខ ឆូតច្រមុះ ដៃនិង ក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចទើបរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ។ប៉ុន្តែក្រោយមកត្រូវបាននគរបាលចាប់ខ្លួនបាន។

ក្រោយពេលចាប់ខ្លួន ជនដៃដល់រូបនោះបាននិយាយថា គាត់ខឹងខ្លាំងណាដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថាកូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះចេញឈាមវិញដូច ជាកូនគាត់វិញប៉ុណ្ណោះ។ហើយនៅវេលារសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិតរួចក៏ចាប់ក្មេងស្រីនោះអារនិងឆូតមុខ ច្រមុះ និងដៃព្រមទាំងកតែម្ដង នេះគែជាការតបស្នងហើយអ្នកដាំផ្លែអ្វីគឺបានផលនោះអ៊ីចឹងហើយ៕