About Me

header ads

ផឹកសុីជុំគ្នាក្លាយជាទំនាស់វាយស្លាប់ម្នាក់ឯជនដៃដល់ត្រូវចាប់ខ្លួន

ភ្នំពេញ៖កម្មករសំណង់ម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួសឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ក្រោយពេលពួកគេផឹកសុីជុំគ្នាហើយមានទំនាស់រហូឈានដល់ការវាយគ្នានិងឈើជ្រុង។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រោមផ្ទះឈើ លេខ ផ្លវបេតុង  ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ  រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងឈឺ ស្នាក់នៅភូមិព្រែក ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ចំណែកអ្នកស្លាប់ឈ្មោះ សោម ចិន្ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់បូរីរតនះ ស្នាក់នៅក្នុងបូរីរតនះ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។មានស្រុកកំណើត ភូមិដីដុះ  ឃុំព្រែកប្រសព្វ  ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។(ស្លាកស្នាមបែកផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ) ។ 


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូ១គ្រឿងទៅដឹកជនរងគ្រោះពីផ្ទះជួលទៅកាន់ចំណុចកើតហេតុខាងលើហើយបានអង្គុយផឹកស្រាថ្នាំដែលមានគ្នាសរុបចំនួន០៤នាក់(ដែលជាកម្មករសំណង់ធ្វើការជាមួយគ្នា)។លុះពេលស្រវឹងធ្លាក់ភ្នែកស្រាប់តែនិយាយទាក់ពាក្យសម្ដីគ្នារហូតក្លាយទៅជាទំនាស់កើតឡើង ហើយជនសង្ស័យទាញបានដំបងឈើជ្រុងជើងគ្រែវាយក្បាលជនរងគ្រោះចំនួន០៣ដំបងបណ្ដាលជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យសួគ៌ា ហើយក៏ស្លាប់នៅទីនោះតែម្ដង។បន្ទាប់មកនគរបាលប៉ុស្តិ៍រលួសបានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ និងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ដនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យលើសាកសព។ ហើយជាលទ្ធផលគឺជនរងគ្រោះស្លាប់បណ្ដាលមកពីជនសង្ស័យវាយក្បាលនិងឈើជ្រុងប្រាកដមែន បន្ទាប់មកបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕