គ្រឿងញៀន៥កញ្ចប់ធំទម្ងន់ជាង៧គីឡូក្រាមនិងជនសង្ស័យជនជាតិឡាវម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ស្ទឹងត្រែងៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហកាជាមួយ BLO ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំដោយឧត្តមសេនី
យ៍ទោ ដុស វណ្ណាសុវឌ្ឍនៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់និងដកហូតវត្ថុតាងគ្រឿងញៀនជាង៧គីឡូក្រាមកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចកំពង់ទូក ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នាយការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ទោ  ដុស វណ្ណាសុវឌ្ឍនៈ បានឲ្យដឹងថាជនសង្ស័យជនជាតិឡាវដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ភិត ងិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិឡាវ មានស្រុកកំណើត ភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ។ បច្ចុប្បន្នរស់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់។



ក្រោយការឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការសាកសួរក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងមន្ត្រីអនុវត្តច្បាប់បានធ្វើតេស្តលើវត្ថុតាងចំពោះមុខជនសង្ស័យ។ ជាក់ស្តែងវត្ថុតាងដែលបានរឹបអូសបានពីជនខាងលើមានចំនួន៥កញ្ចប់ធំស្មើនឹង ៧១១៧,៤៧ក្រាមជាប្រភេទមេតំហ្វេតាមីន(ICE)។ បច្ចុប្បន្នជនសង្ស័យជនជាតិឡាវខាងលើកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងក្រោមការសាកសួរនិងកសាងសំណុំរឿងរួមជាមួយវត្ថុតាងបញ្ជូនទៅអាយ្យាការអមសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធី។