About Me

header ads

ឯកឧត្តម កែវ រ៉េមី កោតសរសើរឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ថាមានលក្ខណៈសក្កិសមធ្វើជាប្រធានដឹកនាំវិស័យក្បាច់គុនបុរាណខ្មែរពិតៗ



នៅក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ របស់សហព័ន្ធគុនល្បុក្កតោកម្ពុជានាពេលកន្លងទៅនេះ ឯកឧត្តម កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធបានឡើងមានប្រសាសន៍ចំៗនៅចំពោះមុខព្រឹទ្ធចារ្យគុនល្បុក្កតោ គ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់ថា ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ដែលជាប្រធានសហព័ន្ធគុនល្បុក្កតោនាពេលបច្ចុប្បន្ននេះមានលក្ខណៈសម្បត្តិល្អសក្កិសមធ្វើជាអ្នកដឹកនាំវិស័យក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយនេះខ្លាំងជាទីបំផុត។


ឯកឧត្តម កែវ រ៉េមី យល់ឃើញថា ឯកឧត្តម ច័ន្ទ សារុន មានបទពិសោធន៍ច្រើនក្នុងការដឹកនាំ និងមានចំណេះដឹង រួមទាំងសីលធម៌ និងចរិយាធម៌ខ្ពស់ដែលទាំងអស់នេះសុទ្ធតែជាចរិតលក្ខណៈរបស់អ្នកដឹកនាំពិតៗ។ លោកទីប្រឹក្សាជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា ចំពោះរឿងដឹកនាំ មិនបាច់និយាយច្រើនជាមួយឯកឧត្តម ច័ន្ទ សារុន ឡើយ ពីព្រោះគាត់យល់ដឹងពីរបៀបដឹកនាំតាមបែបបទរបស់គាត់យ៉ាងត្រឹមត្រូវ ហើយការដឹកនាំសហព័ន្ធកីឡាមួយមិនតម្រូវទាល់តែបុគ្គលនោះចេះលេងកីឡាស្ទាត់ឡើយ។ ជាក់ស្តែងឯកឧត្តម ច័ន្ទ សារុន មិនចេះក្បាច់គុនទេ ប៉ុន្តែលោកនៅតែអាចដឹកនាំសហព័ន្ធគុនល្បុក្កតោកម្ពុជាឲ្យទទួលបានជោគជ័យលើសការរំពឹងទុក។ ការឈ្នះមេដាយដល់ទៅ២០គ្រឿងនៅស៊ីហ្គេមលើកទៅ៣០កន្លងទៅគឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យគុនល្បុក្កតោកម្ពុជាក្នុងការឆ្ពោះទៅដណ្តើមយកមេដាយមាសជាច្រើនគ្រឿងទៀតក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។


ក៏សូមបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអនុប្រធានសហព័ន្ធគុនល្បុក្កតោដែរនោះបានឲ្យដឹងថា គិតមកទល់ពេលនេះមានប្រទេសក្នុងតំបន់អាស៊ានចំនួន៧ហើយដែលបានយល់ស្របជួយល្បុក្កតោកម្ពុជាក្នុងការចូលរួមប្រកួតក្នុងវិញ្ញាសាមួយនេះនៅស៊ីហ្គេមឆ្នាំ២០២៣។ ដូច្នេះ វានឹងធ្វើឲ្យវិញ្ញាសាគុនបុរាណចំណាស់របស់ខ្មែរយើងមួយនេះកាន់តែមានតម្លៃ និងមានការទទួលស្គាល់ច្រើនជាងមុនថ្វេរដង។