About Me

header ads

ទេសភាពតំបន់ប្រាសាទវត្តនគរបាជ័យ លេចឆោមស្រស់ខ្ចី សម្ងែងសោភ័ណភាពទាក់ចិត្តទេសចរ

កំពង់ចាម៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទវត្តនគរបាជ័យ ប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធប្រាំងប្រាសាទប្រវតិសាស្ត្រ បុរាណខ្មែរមួយនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី សម្ងែងសោភ័ណភាពទាក់ចិត្តទេសចរ។ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។




ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ ទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំ ឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។ប្រាសាទវត្តនគរបាជ័យមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧មានចម្ងាយ២គ,មខាងលិចទីក្រុងកំពង់ចាម។កសាងនៅចុងសតវត្សទី១២ដើមសតវត្សទី១៣ដោយព្រះបាទជ័យវរ្ម័នទី៧ឧទិសថ្វាយចំពោះព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទវត្តនគរបាជ័យ មានប្លង់រាងចតុកោណ បណ្តោយពីលិចទៅកើតប្រវែង៤២១ម ទទឹងពីជើងទៅត្បូង៣៧១ម។ប្របាសាទនេះមានតួប៉មចំនួន៥មានកំពែង៤ជាន់។ ទិដ្ឋភាពដ៏ស្រស់បំព្រងនារដូវវស្សានេះ ភ្ញៀវទេសចរមិនគួររំលង អញ្ជើញទៅទស្សនាកុំបីខានឡើយ៕