About Me

header ads

ពលរដ្ឋ១៣គ្រួសារ កើតទុក្ខមិនសុខចិត្ត ខណៈអាជ្ញាធរស្រុកសាលា បង្ខំឱ្យរុះរើផ្ទះចេញពីដីដែលខ្លួនធ្លាប់រស់នៅ តែគ្មានដំណោះស្រាយ ព្រោះចោទថា សង់លើដីចំណីផ្លូវ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីអាជ្ញាធរស្រុកសាលាក្រៅ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនា ញពាក់ព័ន្ធ ចុះទៅដាក់កំហិត និងឱសានវាទ យ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឱ្យប្រជាពលរដ្ឋខ្លួនឯង ត្រូវរុះរើផ្ទះចេញទាំងអស់ ទោះសង់រយ:ពេលយូរប៉ណ្ណាក៏ដោយ និងគ្មានលក្ខខណ្ឌអ្វីទាំងអស់ បើមិនព្រមធ្វើតាមទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ ហេតុដូច្នេះហើយ ទើបធ្វើឱ្យពួកគាត់មានការភ័យព្រួយ និងខ្វល់ខ្វាយយ៉ាងខ្លាំង ពីសុវត្ថិភាព ទើបនាំគ្នាលើកដៃសំពះអង្វរឱ្យថ្នាក់លើ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ផងដែរ ។

ហេតុការណ៍ប្រជាពលរដ្ឋ១៣គ្រួសារ ព្រួយបារម្ភ និងនាំគ្នាលើកដៃសំពះអង្វរឱ្យថ្នាក់លើ និងសម្តេចជួយអន្តរាគមន៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ២០២០ ស្ថិតនៅជាប់បណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមការរៀបរាប់ទាំងក្តីព្រួយបារម្ភ និងភ័យខ្លាច របស់ពលរដ្ឋ ឈ្មោះ លឹម ស៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ, ឈ្មោះ ទុយ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ, ឈ្មោះ នេត មុំ ភេទស្រី អាយុ៥១ឆ្នាំ និងប្រជាពលរដ្ឋផ្សេងៗ ទៀត ជិត២០នាក់ បានឱ្យដឹងគ្រប់ៗ គ្នាថា ពួកគាត់បាននាំគ្នាមកពីតាមបណ្តាខេត្តនានា ដោយចូលមកទិញដីរស់នៅក្នុងភូមិខាងលើ ខេត្តប៉ៃលិន អស់រយ:ពេល២០ឆ្នាំមកហើយ ។ ប្រភពបន្តទៀតថា ដីដែលបានទិញគេនោះ គឺមានការចុះហត្ថលេខាពីលោកមេភូមិទឹកចេញ និងមេឃុំស្ទឹងកាច់ ដោយពីមុនផ្លូវនៅផ្នែកខាងក្រោយកន្ទុយដីរបស់ខ្លួនមានជាប់អូរថែមទៀត ពោលគឺមានអូរនិងផ្លូវតែប៉ុណ្ណោះ ។ តែក្រោយមក ត្រូវគេឈូសឆាយ ធ្វើផ្លូវនៅផ្នែកខាងមុខ ជាប់នឹងក្បាលដីរបស់ខ្លួនទៅវិញ ដែលជាហេតុបណ្តាលឱ្យកើតមានបញ្ហា រហូតមកដល់បច្ចុប្បន្ននេះតែម្តង ព្រោះជាប់នឹងចំណីផ្លូវ ។

ប្រភពបន្ថែមទៀតថា បន្ទាប់ពីទទួលដំណឹងថា ខាងអាជ្ញាធរខេត្ត ស្រុក មានការបណ្តេញឱ្យពួកគាត់រុះរើផ្ទះសម្បែងរបស់ខ្លួនចេញទាំងគ្មានការដោះស្រាយគោលនយោបាយបែបនេះ ពិតជាធ្វើ ឱ្យពួកគាត់ មានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ជីវភាព ហើយពួកគាត់សុំឱ្យថ្នាក់លើ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្ត រាគមន៍ផងដែរ ។

លើសពីនេះ បើអស់ពីផ្ទះ និងដី ដែលធ្លាប់រស់នៅសព្វថ្ងៃ គឺពួកគាត់មិនដឹងជាសង្ឃឹមអ្វីទៀតនោះទេ ព្រោះសូម្បីតែដីស្រែ ចម្ការ ក៏គ្មាននឹងគេដែរ ដោយរាល់ថ្ងៃ ពួកគាត់ម្នាក់ៗ ស៊ីឈ្នួលធ្វើជាកម្មករដាំពោត និងដកដំឡូងមី ដើម្បីចិញ្ចឹមក្រពះរស់មួយថ្ងៃៗ ប៉ុណ្ណោះ ។ ការរស់នៅរាល់ថ្ងៃគ្មានក្តីសុខនោះទេ ដោយផ្ទះសម្បែងរបស់ខ្លួនលេចធ្លុះធ្លាយ ក៏គេហាមប្រាមមិនឱ្យជួសជុល ឬសាងសង់ថ្មីនោះឡើយ ថែមទាំងគម្រាមកំហែងទៀតផង ។ ចំណែកអ្នកមានលុយម្នាក់ ឈ្មោះ សា ចំរើន ហៅអឿង ដែលទិញដីនៅជាប់នឹងកន្ទុយដីរបស់ពួកគាត់ តែងតែរំលោភបំពាន ដោយចាក់ដីលុបទៅលើដីផ្ទះរបស់ពួកគាត់ បណ្តាលឱ្យបែកពាង បាក់ជញ្ជាំងផ្ទះផងដែរ លុះប្តឹងឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ បែរជាគ្មានដំណោះស្រាយ ហើយថែមទាំងនាំគ្នាធ្វើយ៉ាងណា ដើម្បីឱ្យពួកគាត់ចាកចេញពីដីរបស់ខ្លួនប៉ុណ្ណោះ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ឃួន បេប មេភូមិទឹកចេញ បានរៀបរាប់ឱ្យដឹងថា ខាងលោកធ្លាប់បានណែនាំ ឈប់ឱ្យរស់នៅលើដីខាងលើនេះ ហើយក៏បានឱ្យថ្លៃសំណងទៅប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅកាលពីជាង១០ឆ្នាំមុន ព្រោះជាដីចំណីផ្លូវ ។ តែក្រោយពីគេលក់ឱ្យទៅអ្នកមករស់នៅថ្មីៗ លុះទិញសាងសង់ផ្ទះស្នាក់នៅ ពេលនេះ អាជ្ញាធរត្រូវការដីចំណីផ្លូវវិញ ខាងលោកក៍អត់ដឹងរឿងអ្វីដែរ មានតែធ្វើតាមការណែនាំ ដោយឱ្យពួកគាត់រុះរើចេញតែប៉ុណ្ណោះ ។ ភ្នាក់ងារយើង បានធ្វើការទាក់ទងទៅលោក សា ចំរើន ហៅអឿង តាមរយ:ទូរស័ព្ទផងដែរ បន្ទាប់ពីពលរដ្ឋចោទប្រកាន់ តែតេចូលគ្មានអ្នកទទួលនោះឡើយ ។ 
 
ចំណែកលោក ទិត្យ ធី អភិបាលរងស្រុកសាលាក្រៅ បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្ត ត្រូវការដីចំណីផ្លូវនោះមកអភិវឌ្ឍ គឺតម្រូវឱ្យពួកគាត់រុះរើផ្ទះរបស់ខ្លួនចេញ ក្នុងរយ:ពេល៧ថ្ងៃ ដោយស្ម័គ្រចិត្ត ។ បើមិនធ្វើតាមការណែនាំទេ ខាងលោកនឹងឱ្យក្រុមការងារយកគ្រឿងចក្រទៅរុះរើ មិនទទួលខុសត្រូវការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងនោះឡើយ ព្រោះខាងលោកក៏ទទួលបញ្ជាពីថ្នាក់ខេត្តមកដែរ ។

លោកបន្តទៀតថា ការធ្វើបែប នេះ គឺតាមបទបញ្ជារបស់អភិបាលខេត្ត ដោយគ្មានការដោះស្រាយគោលនយោបាយណាមួយជូនពួកគាត់នោះទេ ព្រោះពួកគាត់រស់នៅលើដីចំណីផ្លូវ ហើយថែមទាំងបិទប្រឡាយបង្ហូរទឹករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បណ្តាលឱ្យស្ទះទឹកហូរថែមទៀត ៕

ដោយ ៖ នីយ៉ា