About Me

header ads

អាជីវករលក់ដូរនៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្អូញត្អែរគ្រប់គ្នា ពីរឿងស្ងាត់ភ្ញៀវ និងម៉ូយ បើទោះបីជាមានការបើកច្រកទ្វារអន្តរជាតិព្រំ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានភាគីខាងប្រទេសថៃ បើកឱ្យដំណើរការឡើងវិញ ដោយអនុញ្ញាតិឱ្យតែរថយន្តធុនធំៗ បើកបរដឹកទំនិញចេញចូលទៅមកប៉ុណ្ណោះ រហូតមកដល់រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ គេសង្កេតឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហាក់បីដូចជាស្ងាត់ មិនមានការធ្វើដំណើរចេញចូលទៅមកនោះទេ ខណ:បញ្ហាជម្ងឺកូវីដ១៩ នៅតែបង្កហានីភ័យសម្រាប់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ។ បើតាមការរៀបរាប់ពីអាជីវករម្នាក់ ឈ្មោះ ស្រីម៉ៅ ភេទស្រី ប្រកបរបរលក់ដូរម្ជូរ និងនំ នៅក្បែរច្រកទ្វារអន្តរជាតិព្រំ បានរៀបរាប់ទាំងទឹកមុខក្រៀមស្ងួតឱ្យដឹងថា ការលក់ដូររបស់គាត់នាពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះខ្លាំងណាស់ ពោលគឺហៅលេងឮតែម្តង ដោយសារអត់ មានភ្ញៀវចេញចូលឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំ ហើយគាត់លក់ដូចក្នុង១ថ្ងៃ ជួនកាលសល់ជាច្រើន ដោយកាលពីមុន ក្នុង១ថ្ងៃៗ អាចរកបានប្រាក់ចំណូលចាប់ពី៥ទៅ១០ម៉ឺនរៀលឯណោះ តែពេលនេះ ១ថ្ងៃពេលខ្លះលក់ផ្សំ៥ម៉ឺនរៀលស្ទើរតែមិនបានផង ។ គាត់បន្តទៀតថា បើជម្ងឺកូវីដ១៩ នៅតែអូសបន្លាយយូរបន្តទៀត អាចនឹងជួបលំបាកក្នុងជីវភាពប្រចាំថ្ងៃជាក់ជាមិនខាន ហើយគាត់ក៏មិន អាចចេញចូលទៅធ្វើការងារនៅប្រទេសក្រៅបានដែរ ខណ:ម្នាក់ៗ មានការប្រុងប្រយ័ត្នពីការឆ្លងជម្ងឺមួយនេះ ។



ចំណែកបុរសចំណាស់ម្នាក់ ដែលប្រកបរបរលក់ដូរភេសជ្ជ:នៅក្បែរកាស៊ីណូម្កុដពេជ្រ បានឱ្យដឹងដែរថា ការលក់ដូររបស់គាត់ប៉ុន្មានខែនេះ គឺមានការធ្លាក់ចុះខ្លាំង ព្រោះអ្នកធ្វើការនៅកាស៊ីណូ ពោលគឺបុគ្គលិក ត្រូវបានឈប់សម្រាក រីឯភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្លាប់តែឃើញពពាក់ពពូនរាល់ថ្ងៃ ក៏អត់សូវមានចូលមកលេងនៅព្រំដែនដែរ គឺមានតែអ្នកភូមិ ដែលគេមកទិញភេសជ្ជ:របស់គាត់ទទួលទានបន្តិចបន្តួចប៉ុណ្ណោះ ។ ដូច្នេះ ការលក់ដូររបស់គាត់នាពេលនេះ គឺថយចុះខ្លាំង តែទោះបីជាយ៉ាងណា ក៏មិនដឹងទៅរកមុខរបរអ្វីផ្សេងទៀតនោះដែរ ព្រោះគាត់ធ្លាប់ចាប់យកអាជីពមួយនេះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងសងបំណុលគេ ។ បុរសចំណាស់រូបនោះបន្តទៀតថា បើសិនជាមានភ្ញៀវ មកពីប្រទេសថៃ ឬបរទេស ចូលលេងកាស៊ីណូដូចមុនៗ គាត់មិនបារម្ភរឿងថវិកាជំពាក់បំណុលគេនោះទេ ។ តែបច្ចុប្បន្ន ពេលខ្លះ រកសងគេមិនទាន់នោះឡើយ ហើយគាត់សង្ឃឹមថា នៅថ្ងៃខាងមុខ បញ្ហាជម្ងឺកូវីដ១៩ ដ៏កាចសាហាវនេះ នឹងថមថយទៅវិញ ហើយភ្ញៀវនឹងមកលេងដូចធម្មតា ។ ទោះបីជាយ៉ាងណាក៏ដោយ ការរស់នៅសព្វថ្ងៃ ក្រុមគ្រួសាររបស់គាត់មានការប្រុងប្រយ័ត្នខ្ពស់ ខណ:ជួបជាមួយភ្ញៀវមកទិញរបស់គាត់ ដោយគាត់លាងសម្អាតដៃ នឹងសាប៊ូជាប្រចាំ ហើយក៏ប្រើទឹកអាល់កុល ព្រមទាំងជែលកំចាត់មេរោគបាក់តេរីផងដែរ ៕