ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកបទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សានៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន

ប៉ៃលិន ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន៣២វត្ត និងអាស្រម១ ។

 ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាមឱ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ។ ឯកឧត្តមអភិបាលខេត្ត បានមាន ប្រសាសន៍ថា ៖ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានសារ:សំខាន់ និងជាអំឡុងពេលដ៏សំខាន់ដើម្បីឲ្យភិក្ខុ សាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ វិន័យរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

ជាមួយគ្នានោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយកើតមានក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន៣២វត្ត និង១អាស្រម ដោយក្នុង១វត្តៗ ទទួលបាន ទៀនព្រះវស្សា០១គូ និងទេយ្យវត្ថុមាន អង្ករ៥០kg  ទឹកបរិសុទ្ធ១កេះ ទឹកផ្លែឈើ១កេះ មី១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ និងបច្ច័យ ចំនួន២០ម៉ឺនរៀល ក្នុងនោះវត្តចំនួន៣ គឺវត្តកោងកាង, វត្តប៉ាហ៊ី និងវត្តអូរច្រា គឺទទួលបានទៀនព្រះវស្សា ០១គូ និងទេយ្យវត្ថុមាន អង្ករ១០០kg  ទឹកបរិសុទ្ធ ២កេះ , ទឹកផ្លែឈើ ២កេះ មី ២កេះ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ និងបច្ច័យ ចំនួន៤០ម៉ឺនរៀល និងយាយជីតាជី ចំនួន១០០នាក់ ក្នុងម្នាក់ថវិកា១ម៉ឺនរៀល ៕









 ដោយ ៖ នីយ៉ា