About Me

header ads

មន្ត្រីជំនាញខេត្តត្បូងឃ្មុំ ពិនិត្យគុណភាពទំនិញតាមច្រកទ្វារព្រំដែន រកឃើញ និងដកហូតបន្លែ ៦ មុខ នាំចូលពីប្រទេសវៀតណាម ផ្ទុកសារធាតុគីមី

( ត្បូងឃ្មុំ ):
គំរូបន្លែចំនួន ៦ មុខ មានខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស ស្ពៃបូកគោ ក្រូចឆ្មារ និងការ៉ុត ត្រូវបានមន្ត្រី ក.ប.ប ខេត្តត្បូងឃ្មុំ រួមទាំងរថយន្តពិសោធន៍ចល័ត សហការជាមួយមន្ត្រីគយខេត្ត និងមន្ត្រី ច្រកទ្វារព្រំដែនខេត្តត្បូងឃ្មុំ រកឃើញមានផ្ទុកសារធាតុគីមី និងចាត់វិធានការភ្លាមៗ ។



កិច្ចសហការនេះ ធ្វើឡើងកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ដោយលោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក ប ប ) ខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.បខេត្ត រួមជាមួយមន្ត្រី និងរថយន្តមន្ទីរពិសោធន៍ ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប សហការជាមួយ សាខាគយ និងរដ្ឋាករខេត្ត តាមការស្នើសុំសហការពីការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក មានលោក អ៊ួន សុវណ្ណារ៉ា ជាប្រធាន និងការិយាល័យគយ និងរដ្ឋាករច្រកទ្វារ ទ្វេភាគីដារ ក្នុងស្រុកមេមត់ មានលោក យឹម វណ្ណៈ ជាប្រធាន ចុះប្រតិបត្តិការរួមគ្នាត្រួតពិនិត្យ និងយកគំរូបន្លែនាំចូលពីប្រទេសវៀតណាមតាមច្រកព្រំដែនត្រពាំងផ្លុង និងមីកញ្ចប់ គុយទាវកញ្ចប់ និងប្រេងឆាដប នាំចូលពីប្រទេសវៀតណាមតាមច្រកព្រំដែនដារ ។


លោក មាស មោរ៉ា ប្រធានក.ប.បខេត្ត បានឲ្យដឹងថា ផ្អែកតាម សកម្មភាពជាក់ស្តែង មន្ត្រីជំនាញ បានត្រួតពិនិត្យ និងយកគំរូចំនួន ១៤ មុខមកធ្វើការវិភាគផ្ទាល់នៅព្រំដែនដោយរថយន្តមន្ទីរពិសោធន៍ចល័ត ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញគំរូបន្លែចំនួន ៦ មុខ រួមមានខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស ស្ពៃបូកគោ ក្រូចឆ្មារ និងការ៉ុត មានផ្ទុកសំណល់ថ្នាំពុលកសិកម្ម ដែលបង្កគ្រោះថ្នាក់ធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។


មន្ត្រីជំនាញនៃសាខាខេត្ត បានផ្តល់វិធានការ អោយការិយាល័យគយ និងរដ្ឋាករព្រំដែនបញ្ជូនបន្លែដែលមានផ្ទុកសំណល់ថ្នាំពុលកសិកម្មត្រឡប់ទៅប្រទេសដើមវិញ ហើយក្នុងករណី មានការនាំចូលប្រភេទបន្លែ ៦ មុខខាងលើ លើកក្រោយទាមទារអោយអាជីវករនាំចូលបង្ហាញវិញ្ញាបនប័ត្រ បញ្ជាក់ថា គ្មានសំណល់ថ្នាំពុលកសិកម្ម ពីមន្ត្រីមានសមត្ថកិច្ច របស់ប្រទេសនាំចេញ បើមិនមានទេ ដាច់ខាតមិនអោយនាំចូលនោះឡើយ ៕