About Me

header ads

លោកជំទាវ កែ ឡេង នៅតែមើលឃើញកីឡាការិនី ស្រ៊ាង សុរ៉ាឃីម អាចជំនួសតំណែងខ្លួនបាន

ក្នុងពិធីសន្និសីទស្តីពីការប្រកាសចូលនិវត្តន៍របស់វិរកីឡាការិនីប៉េតង់ជើងឯកពិភពលោក៤សម័យជាប់គ្នាលោកជំទាវ កែ ឡេង មានសំណួរជាច្រើនដែលអ្នកសារព័ត៌មានបានចោទសួរជុំវិញអ្នកបន្តវេនរបស់លោកជំទាវ។ នេះមិនមែនជាលើកទី១ទេដែលលោកជំទាវបានកំណត់យកកីឡាការិនីម្នាក់ដែលលោកជំទាវមើលឃើញភាពទេពកោលស្យរបស់នាង ហើយជឿថាអាចជំនួសតំណែងលោកជំទាវបាននៅថ្ងៃមុខម្នាក់នោះគឺកីឡាការិនីវ័យក្មេង ស្រ៊ាង សុរ៉ាឃីម។

លោកជំទាវមើលឃើញថា កីឡាការិនីវ័យក្មេងរូបនេះនៅក្មេងមានអនាគតវែងឆ្ងាយ និងនៅមានកម្លាំងស្មារតីល្អ ពិសេសនាងមានភាពអំណត់ទាំងក្នុងការហ្វឹកហាត់ និងក្នុងពេលប្រកួតជាក់ស្តែងតែម្តង។ លោកជំទាវធ្លាប់លើកបែបនេះម្តងរួចហើយកាលពីលោកជំទាវឈ្នះមេដាយមាសពិភពលោកលើកទី៤របស់លោកជំទាវកាលពីឆ្នាំ២០១៩កន្លងទៅនៅរាជធានីភ្នំពេញ។ ក្រៅពីកីឡាការិនី ស្រ៊ាង សូរ៉ាឃីម លោកជំទាវ កែ ឡេង ក៏សម្លឹងឃើញកីឡាករកីឡការិនីមួយចំនួនទៀតដែលមានភាពអំណត់ និងឆន្ទៈក្នុងការហ្វឹកហាត់ ហើយលោកជំទាវប្តេជ្ញាថានឹងខំបង្វឹកពួកគេឲ្យបានល្អជាទីបំផុតដើម្បីចូលរួមចំណែកជាមួយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។

ក៏សូមបញ្ជាក់ផងដែរថា កីឡាការិនី ស្រ៊ាង សុរ៉ាគីម ធ្លាប់ឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីចុងឆ្នាំ២០១៩កន្លងទៅលើវិញ្ញាសានារី ៣ទល់៣ ក្រោយយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិឡាវ។