About Me

header ads

នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ សែនក្រុងពាលី បួងសួងអរគុណសន្តិភាព នៅតំបន់កោះថ្ម ចំណុច X16 ក្នុងស្រុកមេមត់ ត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៤៣ នៃទិវាចងចាំ ដំណើរឆ្ពោះទៅការផ្ដួល រំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃស្អែកនេះ

( ត្បូងឃ្មុំ ):
នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាធអិបតី ក្នុងពិធីសែនក្រុងពាលី បួងសួងអរគុណសន្តិភាព នៅតំបន់កោះថ្ម ចំណុចអាងដាច់ X16 "ដើមត្រយឹង" ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ( ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០ ) ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ស្អែកនេះ ។




គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤៣ ឆ្នាំ នៃដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០ ) ហើយការធ្វើនេះ គឺចង់បញ្ជាក់ និងរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត ។សូមជម្រាបថា ប្រវត្តិរបស់សម្ដេចតេជោ ហ៊ុន សែន និងអ្នករួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស ( ស្នើសុំកម្លាំងវៀតណាម ) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ។




ក្នុងការធ្វើខួបលើក ៤៣ ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២០ ស្អែកនេះ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតនៅតំបន់កោះថ្ម ចំណុច អ៊ិច x១៦ ស្ថិតនៅឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដំណើរចូលទៅក្នុងវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗ ក្នុងការចាប់ផ្ដើមតស៊ូរបស់សមមិត្ត ហ៊ុន សែន លើសមភូមិរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយមានតាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង» កាលពីជាង៤០ឆ្នាំមុន។



«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយ បានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ ៕ សុខ ផន TV5 ត្បូងឃ្មុំ ។