About Me

header ads

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានលែងសត្វឈ្លូសជំទង់ឈ្មោល១ក្បាលទៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានលែងសត្វឈ្លូសជំទង់ឈ្មោល១ក្បាលទៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីទទួលបានការថែទាំ និងសម្រាកព្យាបាលអស់រយៈពេល២ថ្ងៃដោយមន្រ្តីជំនាញពេទ្យសត្វ ខណៈសត្វឈ្លូស១ក្បាលនេះចុះខ្សោយកម្លាំងខ្លាំង និងការរងសម្ពាធដែលបណ្តាលឲ្យមានកម្រិតស្ត្រេសខ្ពស់ (myopathy)។


គួរបញ្ជាក់ថា សត្វឈ្លូស១ក្បាលនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តឃុំពូជ្រៃ ស្រុកពេជ្រាដា ប្រទះឃើញមានសភាពខ្សោះកម្លាំងគួរឲ្យអាណិត ក៏បានទំនាក់ទំនងទៅមន្រ្តីឧទ្យានុរក្សដើម្បីសង្រ្គោះ និងថែទាំសុខភាព។

ផ្អែកតាមលទ្ធផលពិនិត្យ និងវិភាគរោគវិនិច្ឆ័យពីមន្រ្តីជំនាញពេទ្យសត្វបង្ហាញថា សត្វឈ្លូស១ក្បាលនេះខ្សោះជាតិទឹកខ្លាំង និងមានកម្រិតស្ត្រេសខ្ពស់ តែមិនមានរងរបួសអ្វីទេ។

 ដូច្នេះអ្នកជំនាញបានផ្តល់អាហារនិងទឹក ព្រមទាំងបានផ្តល់ការព្យាបាលចាំបាច់នានា ដោយការដានសុខភាព និងថែទាំបន្តជាប់ជាប្រចាំក្នុងរយៈពេល២ថ្ងៃ រហូតដល់អ្នកជំនាញបានបញ្ជាក់ថា សត្វឈ្លូស១ក្បាលនេះមានសុខភាពប្រសើរឡើងវិញ និងមានលទ្ធភាពអាចវិលត្រលប់ទៅក្នុងព្រៃវិញបាន ទើបមន្រ្តីឧទ្យានុរក្ស និងអ្នកជំនាញរបស់អង្គការ WWF បានយកវាទៅលែងចូលទៅកាន់ទីជម្រករបស់វាវិញ៕