About Me

header ads

ថ្នាក់ដឹកនាំ Tiffy Army FC រៀបចំពិធីសូត្រមន្ត ប្រោះព្រំ ផ្តល់ឱវាទ មុនចាប់ផ្តើមលីគ

ក្លិបសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ Tiffy Army FC កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ ផ្តល់ឱវាទ នៅវត្តសំរោងអណ្តែត មុនពេលបើកព្រឹត្តិការណ៍ការប្រកួតបាល់ទាត់លីគរដូវកាលឆ្នាំ២០២០។


ថ្នាក់ដឹកនាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC ដឹកនាំដោយលោក សុផាឆៃ វិរៈភុជង្គ ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងឯកឧត្តមឧត្តមសេនីយឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ រួមទាំងថ្នាក់ដឹកនាំរបស់ក្លិប ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងខ្មែរ និងបរទេសបានចូលរួមពិធីតាំងសម្មាធិ និងស្តាប់ធម៌ទេសនា ។ កម្មវិធីទាំងមូលបានប្រព្រឹត្តិទៅយ៉ាងរលូនស្របតាមរបៀបវិរៈដែលបានរៀបចំដោយជាកិច្ចដំបូងមានការសូត្រធម៌ចម្រើនព្រះបរិត្ត ប្រោះព្រំ ផ្តល់ឱវាទ និងប្រគេនទេយ្យវត្ថុចំពោះសម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន និងព្រះសង្ឃចំនួន៩អង្គ។



មុនបញ្ចប់កម្មវិធី លោក សុផាឆៃ វិរៈភុជង្គ ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេរមភូមិន្ទ Tiffy ARMY FC បានផ្តល់មតិសំណេះសំណាល និងលើកទឹកចិត្តឲ្យកីឡាករទាំងអស់យកធម៌ដាក់ខ្លួនឲ្យបានច្រើនទាំងក្នុង និងក្រៅទីលាន។ លោកប្រធានជំរុញឲ្យកីឡាករធ្វើសមាធិកម្មដ្ឋានឲ្យបានច្រើនដោយខ្លួនឯងនៅពេលទំនេរដើម្បីជំនួយស្មារតី ធ្វើឲ្យចិត្តស្ងប់ និងឈានទៅដល់ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទាំងស្រុង ពិសេសនៅពេលប្រកួតដោយលោកជឿថា ក្នុងនាមជាកីឡាករ ការចេះគ្រប់គ្រងអារម្មណ៍ក្នុងទីលានគឺជារឿងសំខាន់បំផុត ជៀសវាងការខឹងក្រេវក្រោធទាំងកម្រោលមិនបានគិតពិចារណានាំឲ្យត្រូវអាជ្ញាកណ្តាលធ្វើឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ដល់ក្រុមទាំងមូល។ លោក សុផាឆៃ នៅតែបញ្ជាក់យ៉ាងច្បាស់ពីទស្សនទានរបស់លោកទៅលើការដឹកនាំក្រុមគឺលោកមិនផ្តោតខ្លាំងទៅលើជ័យជម្នះនោះទេ បានន័យថាការឈ្នះ ឬចាញ់គឺជាកីឡា ប៉ុន្តែរឿងសំខាន់គឺលោកឃើញកីឡាករចេះសម្មាធិដើម្បីប្រមូលផ្តុំអារម្មណ៍បានល្អ និងប្រកួតដោយស្មារតី Fair Play ហើយរឿងដែលសំខាន់បំផុតនោះគឺលោកប្រធានចង់ឃើញកីឡាកររបស់លោកអាចយកឈ្នះចិត្តអ្នកគាំទ្ររបស់ខ្លួនប្រកបដោយសីលធម៌ និងគុណធម៌។មុនបញ្ចប់កម្មវិធី លោក សុផាឆៃ វិរៈភុជង្គ បានអញ្ជើញថ្នាក់ដឹកនាំក្លិប ក្រុមការងារគ្រូបង្វឹក និងកីឡាករ រួមទាំងអ្នកសារព័ត៌មានទទួលទានអាហារសាមគ្គីប៊ុហ្វេរួមគ្នាដើម្បីបង្កើនចំណងមិត្តភាព និងភាពស្និតស្នាលទៅវិញទៅមក។