ពលរដ្ឋក្រីក្រចំនួន ៦ គ្រួសារ ទទួលបានអំណោយពីអាជ្ញាធរស្រុកស្វាយអន្ទរ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ស្រុក លោក ប៉ាក យូលៀង អនុប្រធានក្រុមការងារនិងលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត តំណាងឯកឧត្តម ជីវ ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពពឹស រួមមានព្រះសង្ឃ ក្រុមការងារឃុំ បាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនគ្រួសារ ចាស់ជរា ក្រីក្រចំនួន ៦ គ្រួសារ ដែលស្ថិតនៅភូមិ ថ្នល់ជ័យ ភូមិខ្យោកកណ្ដាល ភូមិខ្យោកជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។




លោកអភិបាលស្រុកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែយកចិត្ដទុក្ខដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ការលៈទេសៈ គ្រប់ពេលវេលា។​


ជាមួយគ្នានោះ លោកអភិបាលស្រុក បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយត្រូវរស់នៅស្អាតប្រកបដោយអនាម័យជានិច្ច និងត្រូវបរិភោគអាហារដែលចម្អិនអោយបានឆ្អិនល្អ។​សម្ភារៈបានផ្តល់ជូននោះមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈដំណេក និងថវិកា ១០ ម៉ីនរៀល។


បន្ទាប់មកទៀតក្រុមការងារ ក៏បានប្រជុំផ្សព្វផ្សាយ នៅវិធី ការពារទប់ស្កាត់នូវជម្ងឺកូវីត១៩ រលកទី ២ ដល់អាជ្ញាធរឃុំដើម្បីធ្វើការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យគាត់បានយល់ដឹងនូវបញ្ហានៃជម្ងឺកូវីត១៩ ដែលអាចនឹងកើតមានឡើងម្ដងទៀត ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែសនោះ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ។