ក្រុមយុវជន ស.ស.យ.ក. ខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ជម្ងឺកូវីដ១៩

ខេត្តប៉ៃលិន៖ ដោយមានការណែនាំជាប្រចាំពីសំណាក់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្ត ទើបកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមយុវជន ស.ស.យ.ក. បាននាំគ្នាចុះផ្សព្វផ្សាយស្តីពីវិធានការបង្ការ និង  ទប់ស្កាត់ជម្ងឺ Covid 19 នៅតាមមូលដ្ឋានក្នុងខេត្តប៉ៃលិន ខណៈប្រទេសជិតខាង ក៍ដូចជាពិភពលោកទាំងមូលកំពុងតែមានការឆ្លងរីករាលដាលជារៀងរាល់ថ្ងៃ ជាហេតុធ្វើឱ្យមនុស្សម្នាក់ៗមានការព្រួយបារម្ភពីសុវត្ថិភាពសុខភាពគ្របៗគ្នាតែម្តង ។​ ប្រភពព័ត៍មាន បានឱ្យដឹងថា សហភាពព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន (ស.ស.យ.ក.ខេត្តប៉ៃលិន) ដោយមានការណែនាំ ជាប្រចាំពីសំណាក់លោកជំទាវ បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តរហូតមកដល់ពេលនេះ បាននាំគ្នាចុះផ្សព្វផ្សាយស្តីពីវិធានការបង្ការទប់ស្កាត់ Covid 19 នៅឃុំចំនួនពីរ ដោយចែកក្រុមយុវជនទាំងនោះបានបែងចែកជាពីរក្រុម គឺ១ក្រុមផ្សព្វផ្សាយនៅក្នុងឃុំសាលាក្រៅ និង១ក្រុមទៀត ចុះផ្សព្វផ្សាយនៅឃុំស្ទឹងត្រង់ ។ ប្រភពបន្តទៀតថា ក្រុមយុវជននីមួយៗ បានផ្សព្វផ្សាយឱ្យពលរដ្ឋក្មេងចាស់ប្រុសស្រីនៅតាមគោលដៅ ចេះរស់នៅមានអនាម័យខ្ពស់ ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ត្រូវលាងដៃនឹងសាប៊ូជាប្រចាំ ឬលាងដៃនឹងទឹកអាល់កុលជាដើម ដើម្បីចូលរួមការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ។