About Me

header ads

បូកសរុបលទ្ធផលការងារ អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារ ក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះកំលុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩

( ត្បូងឃ្មុំ ):
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធ ដែលជាអ្នកផ្តល់សាច់ប្រាក់ ដល់គ្រួសារក្រីក្រថា «សូមអ្នកពាក់ព័ន្ធទាំងអស់ បំពេញការងាររបស់ខ្លួន ឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ នីតិវិធី ណែនាំរបស់រាជរដ្ឋាភិបាល កុំបន្លែបន្លំ ក្នុងការកោសកៀរ រកលុយកាក់ ពីប្រជាពលរដ្ឋ ដែលត្រូវទទួល បានការឧបត្ថម្ភ សាច់ប្រាក់ ដូចជា ពេលចេញប័ណ្ណក្រីក្រ ឬ ប័ណ្ណសមធម៌ជូនពលរដ្ឋ ធ្វើយ៉ាងណា កុំឱ្យមានបញ្ហាល្អក់កករ ពាក់ព័ន្ធនឹងការផ្តល់សាច់ប្រាក់នេះ ឱ្យសោះ ហើយប្រសិនបើមានកំហុសនោះ អាចប្រឈម ចំពោះមុខច្បាប់» ។



ឯកឧត្តមថ្លែងបែបនេះ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងពិធីបូកសរុបលទ្ធផលការងារ អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារ ក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះកំលុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ជាមួយគ្នានោះ ឯកឧត្តម ក៏បានក្រើនរំឭក ដល់ពលរដ្ឋក្រីក្រ ដែលទទួលបានថវិការ ពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ មេត្តាយកថវិកានោះ ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ ដល់គ្រួសារ ចៀសវាងយកថវិកាទាំងនោះ ទៅប្រើប្រាស់ខុស ដូចជា ស៊ីផឹកជាដើម ដែលម្យ៉ាងទៀតការស៊ីផឹក គឺជាទង្វើមិនសមស្របឡើយ ព្រោះវាក៏ប្រឈមនឹងការឆ្លងមេរោគជំងឺកូវីដ ១៩ ផងដែរ  ។


ឯកឧត្តមបន្ថែមថា ម្យ៉ាងទៀត ជាការកត់សំគាល់ បន្ទាប់ពីបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ប៉ុន្មានថ្ងៃមកនេះ ក៏មានសេចក្តីរាយការណ៍ ថាមានមន្ត្រីខ្លះអនុវត្តមិនបានត្រឹមត្រូវដូចជា បានទទួលយកលុយកាក់ពី ប្រជាពលរដ្ឋជាថ្នូរនឹងការចេញប័ណ្ណជាដើម ហើយក៏ត្រូវបានក្រុមការងាររបស់ក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានស្រាវជ្រាវជាបន្តបន្ទាប់ផងដែរ។


សូមជម្រាបថា អ្នកដែលអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ គឺជាអ្នកដែលមានប័ណ្ណក្រីក្រកម្រិត ១ ឬ កម្រិត ២ ហើយ ដើម្បីទទួលបានប័ណ្ណនោះ អ្នកដែលគិតថាខ្លួនឯងក្រីក្រ ត្រូវទៅស្នើសុំប័ណ្ណនេះ នៅឯសាលាឃុំ ឬ សង្កាត់ បន្ទាប់មក បើពិនិត្យឃើញថា ស្ថានភាពអ្នកស្នើសុំនោះ ឆ្លើយតបទៅនឹងលក្ខន្តិកៈ ទើបគាត់ទទួលបានប័ណ្ណនោះ ប៉ុន្តែករណីខ្លះដូចជា នៅពេលក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា ស្ថានភាពជីវភាពរបស់គាត់មិនស្ថិតនៅក្នុងលក្ខន្តិកៈទេនោះ គាត់នឹងមិនទទួលបានប័ណ្ណឡើយ ៕