About Me

header ads

ជាងផ្សាដែកម្នាក់ កំពុងផ្សាសុខៗឆ្លងចរន្តអគ្គិសនីស្លាប់នៅស្រុកពញាឮ

កណ្តាល៖ ជាងផ្សាដែកម្នាក់កំពុងផ្សាសុខៗឆ្លងចរន្តអគ្គិសនីស្លាប់បង្កការភ្ញាក់ផ្អើល នាថ្ងៃអង្គារទី ០២ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សៀក រដ្ឋា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករផ្សាដែក មានទីលំនៅភូមិស្រែតាសេក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល(ស្លាប់)។ វត្ថុតាងបន្សល់ខ្សែភ្លើងចំនួន១ខ្សែប្រវែង២៥ម៉ែត្រ មានជាប់ជាមួយហ្វ្រីភ្លើងនិងឌុយ។




តាមការបំភ្លឺរបស់ឈ្មោះ ចាត់ ថុន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិស្រែតាសេក ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ជាមេជាងបានបំភ្លឺថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ រូបខ្លួននិងឈ្មោះ ប៊ន រឿន ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រួមជាមួយជនរងគ្រោះឈ្មោះ សៀក រដ្ឋា បាននាំគ្នាទៅផ្សាដែកតសំយាប និង បិទជញ្ជាំងស័ង្កសីផ្ទះរបស់ឈ្មោះ ឌន ឌុល ភេទប្រុស អាយុ ៣០ ឆ្នាំ នៅចំណុចភូមិ ពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ពេលពេលកើតហេតុនោះជនរងគ្រោះឈ្មោះ សៀក រដ្ឋា បានដើរទៅដកឌុយខ្សែភ្លើងចេញពីហ្វ្រី ភ្លើងដែលពាក់ជាប់នឹងរបងសំណាញ់ នៅកន្លែងកើតហេតុបណ្តាលឱ្យឆក់ទ្រោបទៅលើរបងសំណាញ់ ។ពេលនោះជនរងគ្រោះបានស្រែកថា«ជួយផងឆក់ហើយ»។ ខណៈពេលនោះឈ្មោះ ចាត់ ថុន ជាមេជាងនិងឈ្មោះ ប៊ន រឿន ជាកម្មករផ្សាដែកជាមួយគ្នាបានស្ទុះទៅដកឌុយភ្លើងចេញពីហ្វ្រីភ្លើង និងបាននាំគ្នាដឹកជនរងគ្រោះតាមរ៉ឺម៉ុកកងបីទៅមន្ទីរពេទ្យបង្អែកសង្កាត់ពញាពន់។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា «ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ហើយ»បន្ទាប់មកក្រុមគ្រួសារសាច់ញាត់ជនរងគ្រោះ បានដឹកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយរាយកាណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ អំពីរឿងហេតុខាងលើ ។



បន្ទាប់មកកម្លាំងប៉ូលិសជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង ប៉ូលិសប៉ុស្តិ៍ជ្រៃលាស់និងប៉ូលិសប៉ុស្ដិ៍ទំនប់ធំ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គសនីបណ្តាលឱ្យស្លាប់ប្រាកដមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕